2023-09-02 01:09
162

តាកែវ៖ ករណីក្រុមក្មេងទំនើងធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ០១គ្រឿង កាលពីពេលកន្លងទៅថ្មីៗនេះ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានមហាជនបង្ហោះចែកចាយលើបណ្តាញសង្គមព្រោងព្រាត បង្កមានការរិះអំពីបញ្ហាសន្តិសុខក្នុងទឹកដីខេត្តតាកែវសាជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលខ្លី។

ក្រោយពីផ្ទុះការរិះគន់ពាក់ព័ន្ធបញ្ហាអសន្តិសុខសុខ មានក្រុមក្មេងទំនើងគប់កញ្ចក់រថយន្តនេះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបកស្រាយបញ្ជាក់ជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មាន លើបណ្តាញសង្គមអំពីការផ្សព្វផ្សាយព័ត៌មាន “ករណីគប់កញ្ចក់រថយន្ត របស់គណនីហ្វេសប៊ុក ហ៊ាសុង កំពង់ចាម នៅលើផ្លូវជាតិលេខ៣ នាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣”។       

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ជូនថា ករណីខាងលើ បានកើតឡើងនៅវេលាម៉ោង១៩និង៥០នាទី យប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្ករឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ មានគ្នា ចំនយន ០៤នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើរថយន្តជនរងគ្រោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ  ពាក់ស្លាកលេខ ភ្នំពេញ 3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខ បែកបំបែងត្រូវអ្នកបើរបរឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិឈ្មួញ សង្កាត់ដង្កោរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងបួសត្រង់ចិញ្ចើមខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រុមការប្រតិបត្តិរហ័ស បានបន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តា ប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ ទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្ករបាន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា “នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីប្រមូលព័ត៌មានស្វែងរកជនបង្ករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់”។        

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះបណ្តាអង្គភាពសារព័ត៌មាននានា និងអ្នកលេងបណ្តាញសង្គម Facebook ដែលតែងតែសហការផ្តល់ព័ត៌មាន មកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ តាមរយៈ (messenger , Comment)  នៅលើទំព័រ Facebook page និងតាមរយៈលេខទូរសព្ទប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ០៩៧ ៧៧៨ ០០០៥ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ០២ថ្ងៃនេះលើបណ្តាញសង្គមបានផ្ទុះការរិះអំពីករណីជនក្មេងទំនើងគប់កញ្ជក់រថយន្តលើផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ ជាពិសេសភាពអសន្តិសុខ ក្នុងភូមិសាស្ត្រខេត្តមួយនេះ ចេះតែកើតមានជាបន្តបន្ទាប់ឥតឈប់ឈរទាល់តែសោះ៕