2023-09-02 01:09
156

កោះកុង៖ ទូកដឹកអីវ៉ាន់ចាបហួយ (គ្រឿងទេស) ០១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈកំពុងធ្វើចរាចរណ៍លើផ្ទៃសមុទ្រ វេលាម៉ោង ១៣និង៣០នាទី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុច មុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្ដាលឱ្យមនុស្សរងរបួសមនុស្សម្នាក់។

សេចក្តីរាយការណ៍ពីសសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណេត សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អ្នកបើកបរទូក មានទីលំនៅ ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បណ្តាលឱ្យការខូចខាតទូក និងអីវ៉ាន់នៅលើទូកទាំងស្រុង។ សេចក្តីរាយការណ៍បានបន្តទៀតថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានជួយអន្តរាគមបញ្ចេញទូក និងម៉ាស៊ីប៉ូមទឹកជួយបាញ់ពន្លត់ភ្លាមៗ។

សាក្សីឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញទូកដឹកអីវ៉ាន់ចាបហួយ (គ្រឿងទេស) ០១គ្រឿង កំពុងធ្វើចរាចរណ៍លើផ្ទៃសមុទ្រ ស្រាប់ដល់មុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្រាប់មានផ្សែងហុយ និងមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះ សមត្ថកិច្ចបានជួយអន្តរាគម ដើម្បីជួយសង្គ្រោះជនរងគ្រោះផងដែរ។

តាមការសន្និដ្ឋាន ចំពោះមូលហេតុបណ្តាលមកពីជនរងគ្រោះជាអ្នកបើកបរទូចាក់ប្រេងហៀរលើម៉ាស៊ីនទូក ពេលម៉ាស៊ីនកំពុងបញ្ឆេះឡើងកំដៅបង្កឱ្យកើតមានជាអគ្គិភ័យតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕