2023-09-03 10:09
461

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់សាលារាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ គួរតែផ្លាស់ប្តូរឯកសណ្ឋានមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដើម្បីកុំឲ្យមានការយល់ច្រឡំជាមន្ត្រីនគរបាលចរាចរណ៍របស់យើង។ 
    ឯកឧត្តមបណ្ឌិត ស សុខា បានថ្លែងថា «ពិនិត្យសាដើមឡើងវិញ មន្ត្រីជាប់កិច្ចសន្យាសលារាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងៗទៀតបើមាន។ បើអាចទៅរួចអាចឲ្យពួកគាត់ពាក់កសណ្ឋានខុសហ្នឹងបន្តិចបានទេ ព្រោះអាវដែលពាក់វាច្រឡំបងៗប៉ូលិសចរាចរណ៍ពេក»។ 
    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «បើមើលពីតួនាទីរបស់គាត់គ្រាន់តែជាអ្នកសម្រួលចរាចរណ៍ ខ្ញុំបានទៅមើលលក្ខខ័ណ្ឌហើយ។ ឥឡូវនេះគាត់ហ៊ានហៅរថយន្តឲ្យឈប់ទៅគោរពឲ្យចុះពីរថយន្តទៅជួបមន្ត្រីចរាចរាណ៍របស់យើងខ្ញុំគិតថា គាត់ធ្វើលើសពីដែនសមត្ថកិច្ចដែលបានប្រគល់ជួន ដោយសារខ្វះកម្លាំងទយ៉ាងណា? បានឲ្យពួកគាត់ទៅឃាត់រថយន្តម្យ៉ាងគាត់គ្មានសិទ្ធទៅគោរពគេដែរ»។ 
    សូមជម្រាបថា ករណីមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រព្រឹត្តកំហុសឆ្គងទៅលើប្រជាពលរដ្ឋជាញឹកញាប់ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ ដូចជា ចេញចាប់ផាកកពិន័យចំពោះអ្នកជិះម៉ូតល្មើសច្បាប់ គ្មានពាក់បួកសុវត្ថិភាព អត់កញ្ចក់មើលក្រោយ មិនគោរពភ្លើងសញ្ញាបញ្ជាចរាចរណ៍....។ល។ ឬស្ទាក់ចាប់រថយន្តល្មើសច្បាប់ចរាចរណ៍ជាដើម ដែលបង្កឲ្យមានបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ និងមួយចំនួនទៀតជំរិតទាលុយទាំងបំពានច្បាប់ក៏មានដែរ។

    ពាក់ព័ន្ធអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធការកែសម្រួលឯកសណ្ឋានមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា និងឲ្យកុំឲ្យអនុវត្តន៍តួនាទីភារកិច្ចហួសដែនកំណត់នេះ មហាជនមានការគាំទ្រយ៉ាងច្រើនផងដែរ៕