2023-09-03 10:09
299


បន្ទាយមានជ័យ៖ អនុវត្តន៍តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន កាលវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្មក់ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង ម្ដុំភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ជនសង្ស័យជនជាតិថៃប្រុសស្រី ចំនួន ០២នាក់យកមកសួរនាំ។
    ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលដោយផ្ទាល់ពីលោក លឹម ប៊ុន សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ SUCHAT RAMAN  ភេទប្រុស អាយុ ៤២ ឆ្នាជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៣៨១១៨៨៦ និងទី២- ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៤២៣៤៦៦៨។ 
   ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការឆែកឆេរ និងត្រួតពិនិត្យផ្ទះជនសង្យ័យ ដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៣ ថង់ធំ នៅក្នុងកាបូបស្ពាយពីក្រោយពណ៏ខ្មៅ ក្នុងបន្ទប់ជាន់លើផ្នែកខាងក្រោយក្នុងផ្ទះជនសង្ស័យ។
   បច្ចប្បន្ន ក្រោយសួរនាំ នៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ ជនសង្ស័យជនជាតិថៃ ប្រុសស្រីទាំងពីរនាក់ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតីវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕