2023-09-03 11:09
389


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បាន ថ្វាយលិខិត ថ្លែងអំណរគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រទានគោរមងារដល់សម្តេច។
​​   តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន MSJ ទទួលបាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះថា៖
បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូលព្រះបង្គំខ្ញុំម្ចាស់ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយទទួលបានព្រះរាជក្រឹត្យពី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣ ដែលព្រះអង្គបានសព្វ ព្រះរាជហឬទ័យប្រោសព្រះរាជទានគោរមងារដល់ទូលព្រះបង្គំខ្ញុំម្ចាស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រោសប្រទានគោរមងារ នាឱកាសនេះគឺជាការ លើកទឹកចិត្តចំពោះរូបទូលព្រះបង្គំខ្ញុំម្ចាស់ ក្នុងការបំពេញកិច្ចការងារដ៏ឧត្ដុង្គឧត្តម ដឹកនាំរដ្ឋសភាដែលជាអង្គការ មានអំណាចនីតិប្បញត្តិ ដ៏មានសារៈសំខាន់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទាំងប្រទេស។
   ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះរាជបរមរាជានុញ្ញាតសម្ដែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជា អនេកប្បការដ៏ស្មោះស្ម័គ្របំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវគោរមងារ សម្តេចមហារដ្ឋសភាធិ ការធិបតី ប្រកបដោយព្រះរាជហឬទ័យដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្ដមដល់ ទូលព្រះបង្គំខ្ញុំម្ចាស់ ដែលជាព្រះរាជគុណដ៏មហាធំធេង មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។
   ទូលព្រះបង្គំខ្ញុំម្ចាស់ សូមប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើនិង ការពារផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា មានស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រចំពោះរាជបល្ល័ង្ក ការពារនិង គោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
   នាឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះ រាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ ដល់ប្រជា រាស្ត្រ ជាកូន ចៅ របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតទៅ។
   សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួល នូវ ក្តីគោរព និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំខ្ញុំម្ចាស់៕