2023-09-04 10:09
139


   ភ្នំពេញ ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីកឡំប្រឺតាតាមដងផ្លូវសុខៗត្រូវរថយន្ត Toyota Prius បេីកដោយស្ត្រីម្នាក់ក្នុងទិសដៅបញ្ច្រាសមកបុកចំពីមុខពេញទំហឹង បង្កការភ្ញាក់ផ្អេីល នៅចំណុចមុខសណ្ឋាគារសូលហ្វីតែល តាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 
    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-3685 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស ទិសដៅបញ្ច្រាសផ្លូវចរាចរណ៍ពីជេីងមកត្បូងយ៉ាងលឿន ខណៈនោះក៏មានឡំប្រឺតា (កង់បីឥណ្ឌា)មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HV-8926 ដែលបេីកបរដោយបុរសម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ក៏ត្រូវរថយន្តបង្កម៉ាក Prius ខាងលេីបុកចំពីមុខឡំប្រឺតាពេញទំហឹង បណ្ដាលឱ្យឡំប្រឺតា ក្រឡាប់ផ្ងារជេីងម្ខាង រីឯតៃកុងរងរបួសធ្ងន់ ។ 
     ក្រោយកេីតហេតុភ្លាមៗ គេសង្កេតឃេីញស្ត្រីម្នាក់មានស្នាមសាក់ពេញខ្លូនដែលជាតៃកុងរថយន្តបង្ក បានចុះពីរថយន្ត ហេីយនិយាយដូចជាអស់កម្លាំងរវេីលរវាយ ។ ដោយឡែកបុរសរងគ្រោះដែលបានរបួសធ្ងន់នោះ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ។ 
   បន្ទាប់ក្រោយមកក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ រួចធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលទៅដោះស្រាយតាមក្រោយ ៕