2023-09-04 04:09
169

មណ្ឌលគីរី:៖ សកម្មភាពនៃការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅក្នុងស្រុកកែវសីមា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាហាក់កំពុងតែកើតមានយ៉ាងគគ្រឹកគគ្រេងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង «ងាំ៦២» ខណៈមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនាំគ្នាសំងំស្ងៀម ដើម្បីប្រមូលផលលាភពីបទល្មើសខុសច្បាប់ទាំងនេះ ។ យោងតាមប្រភពពីស្រុកកែវសីមា បានឲ្យដឹងថា សកម្មភាពការចរាចរណ៍បទល្មើសព្រៃឈើខាងលើនេះ ក្រុមឈ្មួញបានចំណាយលុយអស់រាប់ម៉ឺនដុល្លារដើម្បីរត់ការជាមួយបង់ឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ គ្រប់ផ្នែក ទើបបើកភ្លើងខៀវឲ្យចរាចរណ៍នាំឆ្លងដែនឈើល្មើសច្បាប់ទៅប្រទេសវៀតណាមបានយ៉ាងរលូនបែបនេះ។

 តាមប្រភពបម្តរថា នៅក្នុងជំនួញឈើខុសច្បាប់ឈ្មួញទាំងពីរនាក់ បានធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់ភូមិសាស្ត្រមួយចំនួន នៅក្នុងស្រុកអូរាំងនៅខេត្តមណ្ឌលគិរី និងមួយចំនួនទៀត ដឹកចេញពីក្នុងដែនជម្រកសត្វព្រៃកែវសីមា និងនាំឆ្លងដែនទៅប្រទេសវៀតណា មតាមច្រករបៀង «ងាំ៦២» ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។

 ជាក់ស្តែងនៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នេះក្រុមឈ្មួញ ចំនួន ០២នាក់ មានឈ្មោះ រត្ន័ និងឈ្មោះ សាល បានធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត tundra ចំនួន ០៣គ្រឿង ដែលជាប្រភេទឈើសុក្រមឃ្លុំ ចូលមកស្តុក នៅចំណុច គីឡូ៣៥ ដើម្បីបក្សពួកគេ ០២នាក់ទៀត ឈ្មោះ ឌី និងឈ្មោះកោក ដឹកតាមរថយន្តកែឆ្នៃជៀងចូលតាមក្រវ៉ាត់ព្រំដែនទៅទឹកដីខេត្តក្រចេះបន្តរទៅវៀតណាមតាមច្រករបៀង «ងាំ៦២»

 មជ្ឈដ្ឋានមួយចំនួនស្នើឱ្យមន្ត្រីថ្នាក់ជាតិចុះធ្វើការស្រាវជ្រាវពាក់ព័ន្ធទៅនឹងសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ដោយសារអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅស្រុកកែវសីមា អសមត្ថភាពនៅក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលកំពុងតែកើតមានយ៉ាងគគ្រឹកគគ្រេង។

 ពាព័ន្ធសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមច្រករបៀង «ងាំ៦២» ក្នងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ មិនទាន់សុំការបំភ្លឺបានពីអាជ្ញាធរស្រុកស្នួល ឬមន្ត្រីដែលឈរជើងនៅច្រករបៀង «ងាំ៦២» បានឡើយ៕