2023-09-05 11:09
113

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវ បង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក នៅក្នុងនោះ សមត្ថកិច្ចបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅ​វិញ​តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិច (Cryptocurrency) ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

 អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ បានបន្តថា : ករណី​នេះ​បាន​ប្រព្រឹត្ត​ឡើង​ដោយឧក្រិដ្ឋជន​មួយ​ក្រុម​ មាន​បណ្តាញ​នៅក្នុង និងក្រៅប្រទេស បានធ្វើសកម្មភាព អូសទាញ​ជន​សង្ស័យ​តាមបណ្តាញទំនាក់ទំនងសង្គមឱ្យចូលជាបក្សពួកដើម្បីធ្វើសកម្មភាពដូចខាងលើ ៕