2023-09-05 12:09
131

ប៉ៃលិន៖     ដោយសារតែភ្លើងប្រចណ្ឌឡើងកំដៅរាប់ម៉ឺនអង្សា ធ្វើឱ្យស្ត្រីម្នាក់ ទប់កំហឹងមិនបានយកកាំបិតប៉័ងតោកាប់ប្រហារលើប្តីអាយុ ៧០ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម បន្ទាប់ពីជនរងគ្រោះវិលត្រឡប់មកពីកម្មវិធីផឹកស៊ីខួបកំណើតកូនមិត្តភក្តិ ស្រវឹងដេកដេកលង់លក់ដោយមិនដឹងខ្លួន រួចរត់ទៅសារភាពដល់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនតែម្តង។

ភ្លើងប្រចណ្ឌរវាងប្តី ប្រពន្ធវ័យចំណាស់ ០១គូរ ឈានដល់ក្លាយជាអំពើឃាតកម្មខាងលើ បានកើតមានឡើងនៅវេលាម៉ោងប្រហែល ៣ជិតភ្លឺ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង ភេទប្រុស អាយុ ៧០ឆ្នាំ និងស្ត្រីជនដៃដល់មានឈ្មោះ ចេង ចាន់ថ ជាប្រពន្ធ មានអាយុ ៤៨ឆ្នាំ មុខរបរ លក់ដូរទាំង០២នាក់ ប្តី ប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ក្លាយទៅជាទម្លាប់ទៅហើយ។

នគរបាលបានឱ្យដឹងថា ក្រុមគ្រួសារប្តីប្រពន្ធវ័យចំណាស់ ០១គូរនេះ តែងតែឈ្លោះទាស់ទែងប្រកែកគ្នាជារឿយៗ តាំងពីកូនៗទាំង ០៣នាក់ របស់ពួកគេនៅតូចៗម្លេះអ្នកភូមិតែងតែគិតថា “វាជារឿងធម្មតា ក្នុងគ្រួសារមួយនេះ ព្រោះគ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ តាមទម្លាប់របស់ពួកគាត់” ប៉ុន្តែនៅយប់កើតហេតុ ជនរងគ្រោះជាប្តីបានទៅចូលរួមខួបកំណើតកូនរបស់មិត្តភក្តិ នៅក្នុងភូមិលុះពេលត្រឡប់មកវិញ ស្រាប់តែមានការឈ្លោះប្រកែកគ្នាខ្លាំងៗរវាងប្តី និងប្រពន្ធតាំងពីយប់រហូតដល់ជិតភ្លឺស្រាប់តែប្រពន្ធកាប់ប្រហារប្តីបណ្តាលឱ្យស្លាប់តែម្តង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធបន្ទាប់ធ្វើសកម្មភាពកាប់ប្រហារលើប្តីបណ្តាកឱ្យស្លាប់ បានរត់ទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថា “ខ្លួនគាត់ពិតជាបានធ្វើសកម្មភាពសម្លាប់ប្តីដោយផ្ទាល់ដៃពិតប្រាកដមែន ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នាប្តីរបស់ខ្លួនតែងតែលួចមានស្រីខាងក្រៅជាញឹកញាប់ ដែលធ្វើឱ្យគាត់មានការឈឺចុកចាប់ក្នុងទ្រូងទ្រាំលែងបានក៏កាប់ប្រហារតែម្តង”។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យផ្នែកកោសលវិច័យធ្វើការពិនិត្យសពបានសន្និដ្ឋានថា “សពពិតជាស្លាប់ដោយសារការកាប់ជាច្រើនកាំបិទបណ្តាលឱ្យស្លាប់នៅក្នុងបន្ទប់ដេកប្រាកដមែន”។

បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។ ចំណែកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕