2023-09-05 12:09
302

ទីក្រុងហ្សាការតា៖  ចាប់តាំងពីម្សិលមិញមក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់ តាំងពីថ្ងៃទី២២សីហាមក, ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។

ខាងលើនេះ គឺជាការលើកឡើង ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានសរសេរថា តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន, ជាមួយប្រធានាធិបតីឥណ្ឌូណេសុី, ជាមួយសមភាគីឡាវនិងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កាលពីម្សិលមិញ, សម្តេចហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ក្នុងន័យបញ្ជាក់ឡើងវិញ និងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រូបនេះសរសេរបានបន្ថែមថា នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង (សង្គ្រាមនៅអ៊ុយក្រែន) និងនៅក្នុងបរិបទតំបន់មួយប្រកបដោយគ្រោះថ្នាក់ (ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាស៊ី-ប៉ាស៊ីហ្វិក) សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតី នៃនយោបាយ ឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍ នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេស ទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។

ដោយឡែក ចំពោះសម្តេចហ៊ុន ម៉ាណែត សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅ ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី, ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បាន គឺ៖ 
ទីមួយ  ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងលើគោលការណ៍ មិនជ្រៀតជ្រែក។ 
ទីពីរ,សម្តេចហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥) ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហារណកម្មតំបន់ និងតាមរយៈការពង្រីកសមាហារណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕