2023-09-05 04:09
130

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០៥នាទី បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ២៦១ កែងផ្លូវលេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ បានឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ដែលមាន៖
*ទី១៖ ឈ្មោះ ម៉ៅ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់កម៉ូតូ)។

*ទី២៖ ឈ្មោះ ហៀង លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបេីក)។
សម្ភារៈចាប់យកពីជនសង្ស័យរួមមាន៖

១. ម៉ូតូហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-6412(របស់ជនរងគ្រោះ)។ 
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KC-6034(របស់ជនសង្ស័យ)។ 
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕