2023-09-05 05:09
159

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានប្រកាសថា “ការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្តាញសង្គម ក្នុងករណីអាជីវករ ឬអ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន”។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនដល់ អាជីវករ អ្នកលក់អនឡាញ និងសារធារណជន មេត្តាជ្រាបថា “មួយរយៈកាលកន្លងមកនេះ មន្ត្រីជំនាញបានសង្កេតឃើញថា មានបងប្អូនអាជីវករ និង អ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈ តាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាពទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន”។ 

ក្រសួងវប្បធម៌ បានបញ្ជាក់ថា “ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ មិនតែប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានាយល់ច្រឡំថា វត្ថុបុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ប្រការនេះ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស”។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា “ក្នុរករណី អាជីវករ និងអ្នកលក់អនឡាញនានា ដែលប្រកបមុខរបរនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបភាពវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់ ដូរវត្ថុសិល្បៈរបស់ខ្លួន និងចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាការពារ និងលើកតម្លៃកេរដំណែលដូនតា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កូនខ្មែរ ជំនាន់ក្រោយៗទៀត”។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងវប្បធម៌ បញ្ជាក់យ៉ាងច្បាស់ថា ៗក្នុងករណី អាជីវករ ឬ អ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន”៕