2023-09-06 11:09
350

តាកែវ៖ ផ្ទុះភាពល្បីល្បាញជាថ្មីម្តងទៀត មានក្រុមក្មេងស្ទាវ ០២ក្រុម ដេញកាប់ចាក់គ្នាតាមដងផ្លូវយ៉ាងសាហាវបំផុត ត្រូវយុវជនម្នាក់ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែង។

សកម្មភាពក្រុមក្មេងពាលដេញកាប់ចាក់គ្នាស្លាប់រស់ខាងលើ កើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ វេលាម៉ោង ១៥និង០០នាទី ក្នុងភូមិនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
តាមរបាយការណ៍បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះ អៀ សាន់យូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង មុខរបរសិស្ស និងឈ្មោះ សោត ហួលីហេង ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិក្រាំងរហូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស។  

ជនសង្ស័យទាំង ០២នាក់ខាងលើ ជិះម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ ធ្វើសកម្មភាពដេញវាយទៅលើជនរងគ្រោះឈ្មោះ រិត កុសល់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងចំការ ឃុំ ត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ខណៈពេលកំពុងដេញជនរងគ្រោះក៏បានធ្លាក់ពីលើម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ 

ជនរងគ្រោះជិះម៉ូតូម៉ាកសង់ C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1Z-7043 ដែលមានឈ្មោះ មឿន ប៉េងហេង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ ជាអ្នកឌុបដោយសារទំនាស់គ្នា។

ក្រោយពីទទួលបានព័ត៌មាន ដោយមានការចង្អុលបង្ហាញពីលោកស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀ សាន់យូ  ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែកឈ្មោះ សោត ហួលីហេង ត្រូវបានអនុញ្ញាតនៅក្រៅឃុំ ដោយសារជាអនីតិជន៕