2023-09-06 04:09
122

ភ្នំពេញ៖     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០៣២៣នៅផ្លូវបេតុងក្នុងភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសម្នាក់ជាមេជាងឡើងបាញ់វីសដំបូលសំយាបរអិលជើងធ្លាក់លើរន្ទាធ្វើឱ្យបាក់រួចធ្លាក់ដល់ដីបោកនឹងផ្លូវបេតុងរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដង្កោ។
  ជនរងគ្រោះមានឈ្មោះ កែវ សុខា អាយុ ៣៨ឆ្នាំ មុខរបរមេជាងផ្សារដែក ស្នាក់នៅខណ្ឌកំបូល មានស្រុកកំណើតនៅខេត្តតាកែវ។

បើតាមសម្ដីបុរសជាកូនជាងបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមនឹងកូនជាងពីរនាក់ទៀតបាននាំគ្នាមកប្រក់សំយាបផ្ទះជាន់ទី១ ហើយនៅពេលដែលជនរងគ្រោះកំពុងតែឈរបាញ់វីសភ្ជាប់នឹងស័ង្កសីស្រាប់តែរអិលជើងពីសំយាបធ្លាក់មកលើដំបូលស័ង្កសីនៅជាន់ក្រោមហើយរមៀលធ្លាក់បោកក្បាលជាមួយនឹងផ្លូវបេតុងបណ្ដាលឱ្យជនរងគ្រោះបែកក្បាលហូរឈាមរងរបួសធ្ងន់។ ពេលនោះកូនជាងក៏បានលើកជនរងគ្រោះដាក់លេីឡំប្រឺតាដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកដង្កោ តែជាអកុសលពេលដែលទៅដល់មន្ទីរពេទ្យត្រូវលោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យចុះធ្វើកោសល្យវិច័យសពនិងពិនិត្យនៅកន្លែងកើតហេតុ រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕