2023-09-06 08:09
233

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើនូវចំណុចសំខាន់ៗ ចំនួន ០៣ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធាននៃកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ និងបានអញ្ជើញ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងនូវថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍។ មុននឹងចាប់ផ្តើមកិច្ចពិភាក្សាចង្អៀត ឯកឧត្តម ចូកូ វីដូដូ បានស្នើឱ្យបណ្តាញសារព័ត៌មានចាកចេញពីបន្ទប់ប្រជុំ។ ជាកិច្ចបន្ទាប់ ឯកឧត្ដម ចូកូ វីដូដូ បានអញ្ជើញតាមលំដាប់អក្សរថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំថ្លែងសុន្ទរកថា និងបានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មានចំណាប់អារម្មណ៍ផងដែរ។

ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន បានលើកឡើងនូវចំណុចសំខាន់ដូចខាងក្រោម៖

១- កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។

២- សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

៣- សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។

ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូល៕