2023-09-07 09:09
272

ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មការរដ្ឋបាល បានដឹកនាំកិច្ចប្រជុំដែលមានសមាសភាពអញ្ជើញចូលរួមពី មន្ទីរ អង្គភាព ពាក់ព័ន្ធ ទីចាត់ការអន្តរវិស័យសាលាខេត្ត អាជ្ញាធរស្រុកកោះកុង ការិយាល័យជំនាញចំណុះស្រុក មេឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រុះសម្រួលវិវាទក្បាលដី ចំនួន ៧ក្បាលដី ដែលបានបិទផ្សាយទិន្នន័យក្បាលដី វាស់វែងមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នាពេលថ្មីៗមកនេះ។ 

ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងសម្រេច ដូចខាងក្រោម៖
១.វិវាទរវាងឈ្មោះ សិទ្ធិ ធឿន និងឈ្មោះ សេង គឹមអ៊ាន់ ដោយភាគីប្តឹងជំទាស់ ពុំមានឯកសារគតិយុត្តគ្រប់គ្រាន់ និងសាក្សីសម្រាប់ចូលរួមបំភ្លឺ ដូចនេះបណ្តឹងមិនមានសុពលភាពក្នុងការប្តឹងជំទាស់។
២.វិវាទរវាងឈ្មោះ ហេង គា និងឈ្មោះ ឃុំ សុភ័ក្រ ដោយភាគីប្តឹងជំទាស់ ពុំមានឯកសារគតិយុត្តគ្រប់គ្រាន់ និងសាក្សីសម្រាប់ចូលរួមបំភ្លឺ ដូចនេះបណ្តឹងមិនមានសុពលភាពក្នុងការប្តឹងជំទាស់។
៣.វិវាទរវាងឈ្មោះ នង សំអុល និងឈ្មោះ សុខ សុខុម ដោយភាគីទាំងពីរ ពុំមានឯកសារគ្រប់គ្រាន់ រួមនឹងសាក្សីសម្រាប់បំភ្លឺ ដូចនេះការសម្រុះសម្រួលបណ្តឹង ត្រូវកំណត់ជាលើកទី២។
៤.វិវាទរវាងឈ្មោះ អ៊ែត ឈីវ និងឈ្មោះ អ៊ឹង សំបុក ដោយភាគីប្តឹងជំទាស់ ពុំមានឯកសារគតិយុត្តគ្រប់គ្រាន់ និងមិនមានសាក្សី ដូចនេះបណ្តឹងមិនមានសុពលភាពក្នុងការប្តឹងជំទាស់។
៥.វិវាទរវាងឈ្មោះ គុយ ស្រូ និងឈ្មោះ អេង ហាក់ហៀង ដោយភាគីប្តឹងជំទាស់ មានឯកសារគតិយុត្តគ្រប់គ្រាន់ និងសាក្សីសម្រាប់បំភ្លឺ ដោយឡែកភាគីពាក់ព័ន្ធដទៃពុំមានវត្តមាន  ដូចនេះការសម្រុះសម្រួលបណ្តឹង ត្រូវកំណត់ជាលើកទី២។
៦.វិវាទរវាងឈ្មោះ ជា ណាវី និងឈ្មោះ ទៀ វុទ្ធា ដោយភាគីទាំងពីរ ពុំមានឯកសារគ្រប់គ្រាន់ រួមនឹងសាក្សីសម្រាប់បំភ្លឺ ដូចនេះការសម្រុះសម្រួលបណ្តឹង ត្រូវកំណត់ជាលើកទី២។
៧.វិវាទរវាងឈ្មោះ អៀវ សាវ៉ាត និងឈ្មោះ ង៉ែត ឡឹង ដោយភាគីប្តឹងជំទាស់ ពុំមានឯកសារគតិយុត្តគ្រប់គ្រាន់ និងសាក្សី ដូចនេះបណ្តឹងមិនមានសុពលភាពក្នុងការប្តឹងជំទាស់។

ដោយឡែកប្រជាពលរដ្ឋ ១៨គ្រួសារ ដែលរងផលប៉ះពាល់គម្រោងអភិវឌ្ឍតំបន់រៀបរយ របស់ក្រសួងការពារជាតិ ស្ថិតនៅភូមិ-ឃុំ-ស្រុកខាងលើផងដែរនោះ បានឯកភាពយល់ព្រមទទួលសំណងដោះស្រាយជាគោលនយោបាយ មានដីលំនៅឋាន និងដីចម្ការ។ ចំពោះការស្នើសុំដោះស្រាយលើផលដំណាំ ក្រុមការងារនឹងធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំ ដែលមានសមត្ថកិច្ចដោះស្រាយបន្តទៀត ដើម្បីពិនិត្យលទ្ធភាព។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ប្រធានដឹកនាំកិច្ចប្រជុំ បានណែនាំមន្ទីរ អង្គភាព អាជ្ញាធរ ដែលមានសមត្ថកិច្ចដោះស្រាយទាំងអស់ ត្រូវអនុវត្ត និងតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរឈរលើស្មារតីទទួលខុសត្រូវ និងតម្លាភាព៕