2023-09-07 10:09
181

ប៉ៃលិន៖  នៅពេលភ្លៀងធំធ្លាក់ម្តងៗ គេសង្កេតឃើញ គម្របលូនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៧ ក្នុងក្រុង ប៉ៃលិន ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយភាគច្រើនតែងតែស្ទះប្រព័ន្ធលូបង្ហូរទឹកបណ្តាលឱ្យទឹកហូរមិនទាន់ លិចផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន បង្កឱ្យមានការរំខាន និងព្រួយបារម្ភចំពោះសុវត្ថិភាពទើបរហូតមកដល់ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិនបានដឹកនាំមន្រ្តីនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តប៉ៃលិនចុះបើកគម្របលូបង្ហូរទឹកក្បែរចិញ្ចើមផ្លូវ ដើម្បីឱ្យទឹកហូរបានលឿនជៀសវាងខូចផ្លូវថ្នល់ផងដែរ។

បើតាមមន្រ្តីនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ខាងមន្ទីរចាប់ផ្តើមបើកគម្របលូប្រព័ន្ធបង្ហូរទឹក ដោយយកគ្រឿងចក្រកកាយកម្ទេចដី និងសំរាមចេញពីក្នុងលូ។ ប្រភពបន្តទៀតថា បន្ទាប់ពីបើកគម្របលូចេញ គេឃើញមានកម្ទេចសំរាមដូចជាសំបកថង់ប្លាស្ទិច ដបទឹកក្រូចជ័រ កែវជ័រនៅពេញពាសក្នុងលូផងដែរ។

មន្រ្តីនៃមន្ទីរជំនាញក៏សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗចិញ្ចើមផ្លូវត្រូវចេះរក្សាអនាម័យឱ្យបានល្អ មិនត្រូវបោះចោលសំរាម ឬកាកសំណល់ពាសវាលពាសកាល ឬទំលាក់ចូលទៅក្នុងប្រព័ន្ធលូបង្ហូរទឹកឡើយ។ លើសពីនេះ សូមឱ្យជួយវេចខ្ចប់កាកសំណល់ឱ្យបានល្អដើម្បីឱ្យក្រុមហ៊ុនដឹកយកទៅបោះចោលនៅទីលានចាក់សំរាម។

ម្យ៉ាងវិញទៀត ការបោះចោលសំរាមដែលគ្មានសណ្តាប់ធ្នាប់នាំឱ្យបាត់បង់នូវសោភ័ណភាព និងប៉ះពាល់ដល់បរិស្ថានធ្វើឱ្យឆ្លងជំងឺរោគាដល់ក្រុមគ្រួសារ និងអ្នកជិតខាងដែលនាំឱ្យខាតបង់នូវថវិកា និងពេលវេលាក្នុងការព្យាបាលជំងឺផងដែរ។ លើសពីនេះ នៅពេលដែលភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនឃើញតាមដងផ្លូវ សាធារណ:ល្អ គ្មានសំរាមនៅពេលក្រោយៗទៀត គេអាចនឹងមានចិត្តចង់ចូលមកលេងកម្សាន្តថែមទៀតផង។ដ,ស សារឿន