2023-09-07 04:09
149

(ភ្នំពេញ)៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្តម   គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្ដទាំងអស់ ប្រញាប់អញ្ជើញមកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ កុំចាំដល់ជិតផុតឱសានវាទ និងអាចបង់តាម App យ៉ាងងាយស្រួល។

បើតាមការបញ្ជាក់របស់ ឯកឧត្តម  គង់ វិបុល ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងខែវិច្ឆិកា ខណៈបច្ចុប្បន្នម្ចាស់យានយន្ដ ដែលបានមកបង់ពន្ធរួចមិនទាន់ដល់ ៥០ភាគរយនោះទេ។ ការអំពាវនាវបែបនេះរបស់ ឯកឧត្តម   គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាពន្ធ ២០២៣ ដែលរៀបចំដោយសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា គាំទ្រដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូន ម្ចាស់យានយន្ដទាំងអស់ ដែលត្រូវបង់ពន្ធ សូមកុំចាំដល់ចុង សូមរួសរាស់ទៅបង់ពន្ធប្រចាំ យើងមានបង់ពន្ធ Online (APP) ហើយដឹកជញ្ជូនដល់ផ្ទះទៀត ងាយស្រួលមែនទែន ដោយមិនចាំបាច់មកផ្ទាល់»។

ទន្ទឹមគ្នានេះ លោកអគ្គនាយកដ្ឋានពន្ធដារសង្ឃឹមថា នៅខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ដទាំងអស់ នឹងនាំគ្នាទៅបង់ពន្ធមធ្យោបាយដឹកជញ្ជូនេះឲ្យបានទាំងអស់គ្នា ជៀសវាងការផាកពិន័យ។

សូមរំលឹកថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕