2023-09-07 04:09
213

ភ្នំពេញ ៖ ម្ចាស់ទីតាំងដែលលួចផលិតទឹកត្រីខុសច្បាប់និងក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ 

  ជនត្រូវចោទរូបនេះត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ ផ្ទះលេខ៣-៤ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
   សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ចាន់ សំពេជ្រ ហៅ ពេជ្រ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦ អឺប៉េ ផ្លូវលេខ២៤៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះបានបើកកន្លែងផលិតទឹកត្រីខុសច្បាប់និងក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក ស្ថិតនៅទីតាំងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

  ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ៖ ក្លែងបន្លំឈ្មោះ កែច្នៃ នាំចូលលើម៉ាក ផលិតផលទំនិញគ្មានស្ដង់ដារ ដោយគ្មានកំណត់សម្គាល់ភូមិសាស្ដ្រមុខទំនិញ និងមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ១៦, ១៧ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការ គ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា មាត្រា១១និង មាត្រា៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់, មាត្រា ២៣និងមាត្រា៣៨ នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រ មាត្រា១៦និងមាត្រា៥៩ នៃច្បាប់ស្តីពីស្តង់ដារកម្ពុជា។ 

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយម្ចាស់សិប្បកម្មផលិតទឹកត្រី-ទឹកស៊ីអុីវឈ្មោះថៃហុងគៀត និងជាម្ចាស់ម៉ាកទឹកត្រីរូបបង្កងប៉ាក បានឱ្យបុគ្គលិកផ្នែកលក់ម្នាក់ដឹកជញ្ជូនទឹកត្រីដាក់ឱ្យអតិថិជនម្នាក់នៅម្ដុំផ្សារកំបូលចំនួន៥០យួរដូចសព្វដងដែលអតិថិជនតែងតែធ្វើការកម្មង់ បានប្រហែលមួយម៉ោងក្រោយមកអតិថិជនបានទូរស័ព្ទសួរថា ទឹកត្រីមានលេខ១ មានលេខ២ មែនទេ ? ឮដូចនោះ ម្ចាស់ផលិតផល ក៏ចុះទៅត្រួតពិនិត្យ ហើយយកមកធ្វើការផ្ទៀងផ្ទាត់មើលទើបដឹងថា ផលិតផលទឹកត្រីមានគេក្លែងបន្លំ (ទាំងឈ្មោះយីហោ ទាំងផ្លាកសញ្ញា ទាំងលេខទូរស័ព្ទ) បន្ទាប់មកអតិថិជនបាននាំទៅដល់ទីតាំងដែលគាត់បានកុម្មង់ទិញ គឺនៅចំណុចទីតាំងផ្ទះលេខ ៣  ៤ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

 បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន៕