2023-09-08 08:09
112

ខេត្តប៉ៃលិន÷    នគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង២០នាទី មានករណីប្រជាពលរដ្ឋម្នាក់បានដើរចូលបន្ទប់ទឹករបស់ខ្លួនបណ្ដាលឱ្យដួលបោកថ្មដាច់សរសៃឈាមខួរក្បាលស្លាប់ នៅក្នុងបន្ទប់ទឹក បុរសជាជនរងគ្រោះមានឈ្មោះ កែវ សារី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកធនាគារ ទីលំនៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះថា៖នៅវេលាម៉ោង០៦និង០០នាទី ជនរងគ្រោះបានក្រោកពីដេកដើរទៅបន្ទប់ទឹកនៅខាងក្រោយផ្ទះ រហូតដល់ម៉ោង០៦និង២០នាទី ម្ដាយក្មេកដើរទៅដល់បន្ទប់ទឹក ក៏បានឃើញជនរងគ្រោះ ដេកផ្កាប់មុខក្បែរបន្ទប់ទឹក ភ្លាមនោះបានស្រែកហៅប្រពន្ធជនរងគ្រោះឱ្យមកជួយហើយបានលើកជនរងគ្រោះ យកមកដាក់ខាងមុខផ្ទះតែជនរងគ្រោះជាប្តីបានស្លាប់បាត់។

-ប្រពន្ធជនរងគ្រោះប្រាប់សមត្ថកិច្ចបន្ថែមថាកាលពី២-៣ថ្ងៃមុន ជនរងគ្រោះមានអការៈអត់ស្រួលខ្លួនវិលមុខ ហើយបានទៅពិនិត្យសុខភាពនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ គឹម សំណាង លទ្ធផលមានលើសឈាម និងលើសជាតិស្ករតិចតួច។

-សន្និដ្ឋាន៖សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វា ធ្វើកោសល្យវិច័យពិនិត្យឃើញថាសពពិតជាស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ពិតប្រាកដមែន។

-បច្ចុប្បន្ន សពត្រូវបានសមត្តកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ/សង្កាត់ខាងលើ។ ដោយ,ស សារឿន