2023-09-08 11:09
200

ភ្នំពេញ ៖     ជាក់ស្ដែងនាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានក្មេងទំនើង២ក្រុមដេញវាយគ្នាផ្អើលពេញក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយភ្លាមៗនោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញក៏ធ្វេីការឃាត់ខ្លួនបានប្រមាណជិត១០នាក់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ។  

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងមានយុវជនមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃឆ្ពោះទៅអង់តែនទួលគោក ខណៈពេលជិះទៅដល់ស្រាប់តែមានយុវជនមួយក្រុមទៀតមានគ្នា៧ទៅ៨នាក់ជិះម៉ូតូជាច្រើនគ្រឿងបានជិះមកក្បែរ រួចក៏យកជើងធាក់ទៅលេីម៉ូតូក្រុមយុវជនមានគ្នា៤នាក់ខាងលើ (ដោយមិនដឹងថា យុវជនពីរក្រុមនេះមានជម្លោះអ្វីនឹងគ្នានោះទេ) ភ្លាមៗនោះដែរក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតទៅដល់ក្នុងបរិវេណបឹងកក់ក្បែរផ្លូវរថភ្លើងដោយភាគីទាំងសងខាងខ្លះមានដុំថ្ម ខ្លះទៀតមានទាំងខ្សែក្រវាត់បានវាយប្រតាយប្រតប់និងគប់គ្នាផ្អើលពេញក្នុងបរិវេណបឹងកក់ ។ ស្របពេលនោះក៏មានកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញមកដល់ ហើយបានធ្វេីការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមនោះរួមទាំងវត្ថុតាងផងដែរ ។

   បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមនោះរួមនឹងវត្ថុតាង ព្រមទាំងម៉ូតូជាច្រើនគ្រឿងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី ៕