2023-09-09 04:09
378

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានបង្ហាញអំពីភាពជោគជ័យរបស់កម្ពុជា នាអំឡុងពេលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពុលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាពិសេសយើងបានលើកនូវគោលជំហរ ចំនួន ៣សំខាន់ៗ ដើម្បីប្រាប់បណ្តាបប្រទេសក្នុងតំបន់ និងប្រទេសលើពិភពលោក។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានលើកទ្បើងអំពីសមិទ្ធផល និងលទ្ធផលជោគជ័យជាច្រើន ដែលសម្តេច និងគណៈប្រតិភូកម្ពុជា សម្រេចបានក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៤ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ នេះថា «ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ កម្ពុជាទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាមិត្ត ទាំងក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ ជាពិសេសតាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ស្មើមុខស្មើមាត់ ក្នុងកិច្ចប្រជុំ សរុបចំនួន ៣០ រាប់ទាំងកិច្ចប្រជុំផ្លូវការ និងកិច្ចប្រជុំពាក់ព័ន្ធទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌទ្វេភាគីផង»។ 

 ជាមួយនឹងលទ្ធផលដ៏ជោគជ័យ គួរជាទីមោទនសម្រាប់កម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីការងារសំខាន់ៗ ចំនួន ៣ ដែលសម្តេចបានធ្វើចំពោះជាតិ និងប្រជាជន រួមាន៖ 

  ទី១- ការងារការទូត ដើម្បីបន្តរក្សាកម្រិតស្មើភាព និងស្មើមុខស្មើមាត់ លើការងារទំនាក់ទំនងការទូត ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញ មិនថាប្រទេសធំ ប្រទេសតូចនោះទេ។ 

  ទី២- ការជួបទ្វេភាគី ដើម្បីបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាមិត្តបន្ថែមទៀត ដែលក្នុងនោះបណ្តាប្រទេសជាមិត្តបានទទួលស្គាល់ និងធ្វើការសាទរចំពោះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង ៨២% បានបោះឆ្នោតគាំទ្រ។ 

  ទី៣- ការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការ ផ្សព្វផ្សាយពីវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យកសិកម្មវិស័យទេសចរណ៍, វិស័យថាមពល និងវិស័យការងារជាដើម ទៅកាន់ឆាកអន្តរជាតិ។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្តគោលនយោបាយការទូតរបស់គណបក្សប្រជាជនកម្ពុជា គឺឈរលើភាពស្មើមុខស្មើមាត់គ្នា អព្យាក្រឹត្យ ស្របតាមរដ្ឋធមនុញ្ញ ផ្អែកលើច្បាប់ និងបម្រើផលប្រយោជន៍ជាតិ ដែលជាអាទិភាពចម្បង»