2023-09-10 10:09
228


ព្រះសីហនុ៖ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ ដែលធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិន ដែលជនរងគ្រោះអះអាងថា មានប្រាក់ក្នុងកាបូបប្រមាណ ២០មុឺនដុល្លារ បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ 
   ប្រតិបត្តិការបង្ក្រាបមុខសញ្ញាទាំងនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដឹកនាំបង្ក្រាប។ 
   តាមរបាយការណ៍ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មានជនជាតិចិន រងគ្រោះម្នាក់ មកប្តឹង និងរាយការណ៍ថា នៅចំណុច ម្ដុំចំកាស្ពៃ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ ចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិខ្មែរ ពាក់អាវ ពណ៌ខ្មៅ ទាំង ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda dream ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន រួចបើករត់គេចខ្លួនបាត់តែម្ដង។ 
   បន្ទាប់ពីទទួលពាក្យបណ្ដឹងរួចរាល់ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង ០០នាទី កម្លាំងការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតស្រាលរកឃើញ និងឃាត់បានជនសង្ស័យចំនួន ០៥នាក់ ជនជាតិខ្មែរ និងជិះម៉ូតូ ចំនួ ន ០៣គ្រឿង នៅចំណុច ផ្លូវស្ថាននីយ៍ប្រេងឥន្ធនៈ TOTAL អូរទី៣ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នាំយកមកការិយាល័យនគរបាលព្រហ្មទណ្ឌក្រិតស្រាល ដើម្បីធ្វើការសាកសួរតាមនិតិវិធី។

   បើតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ LIN YUANYI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែសណ្ឋាគារ ស្នាក់ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយអះអាងថា សម្ភារបាត់បង់ នៅក្នុងកាបូប ០១ ម៉ាក LV មានលុយចំនួន ២០ម៉ឺនដុល្លារ។ 
ចំពោះជនសង្ស័យ ចំនួន ០៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះដូចខាងក្រោម៖ 
១- ឈ្មោះ ឆែ ប៊ុនណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅភូមិ៥ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 
២- ឈ្មោះ ដន សុគីម ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងប្តូរប្រេងម៉ាស៊ីន ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ 
៣- ឈ្មោះ ខុន ប៊ុនរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូប ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ 
៤- ឈ្មោះ ពឿន ចាន់វាស្នា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ចូនម្ហូប ស្នាក់នៅ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ 
៥- ឈ្មោះ អ៊ុ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនម្ហូប ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ 
   ដោយឡែកវត្ថុតាងចាប់យកបានជាក់ស្តែង រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក C125 ស៊េរីឆ្នាំ២០២៣ ពណ៌ស គ្មានស្លាកលេខ មានលេខតួ ND125NE- 0083950, ម៉ូតូ ០១គ្រឿង ម៉ាក C125 ស៊េរីឆ្នាំ២០១៨  ពណ៌ខ្មៅ ស្លាកលេខ កំពត 1M-6768 មានលេខតួ5312469 និងម៉ូតូ ០១គ្រឿងទៀត ម៉ាក C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ 0078223, ទូរសព្ទ ម៉ាក iphone7 ពណ៌ខ្មៅ ០១គ្រឿង, ទូរសព្ទ ម៉ាក iphone 7plus ពណ៌ខ្មៅ ០១គ្រឿង, ទូរសព្ទ ម៉ាក iphone 13 pro ពណ៌ខៀវ ០១គ្រឿង, ទូរសព្ទម៉ាក iphone12 ពណ៌ទឹកមាស ០១គ្រឿង, នាឡិការ ០១គ្រឿង ពណ៌ទឹកមាស និងកាបូប ពណ៌ខ្មៅចំនួន២។ ចំណែកលុយដែលជនរងគ្រោះអះអាងថាមាន ២០មុឺនដុល្លានៅក្នុងកាបូបនោះ មិនមានរកឃើញទេ។ 
   បច្ចុប្បន្ន ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមផ្លូវច្បាប់៕