2023-09-10 02:09
164


ភ្នំពេញ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បាននឹងកំពុងចាត់ការលើសំណុំរឿងជម្លោះទាមទាការទូទាត់ថ្លៃកញ្ចក់រវាងក្រុមហ៊ុន អឺប៊ីន វិនដ័រ (URBAN WINDOORS) ជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 
    អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា «កន្លងមកថ្មីៗនេះមានការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមជាច្រើន អំពីបញ្ហាពាក់ព័ន្ធនឹងការទាមទារការទូរទាត់ថ្លៃកញ្ចក់ដែលក្រុមហ៊ុន អឺប៊ីន វិនដ័រ (URBAN WINDOORS) បានយកទៅបំពាក់នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា»។ 
    អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា «តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងករណីខាងលើរួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ហើយតំណាងអយ្យការបាននឹងកំពុងចាត់ការលើសំណុំរឿងនេះដោយយកចិត្តទុកដាក់ និងបានធ្វើការកោះហៅភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីស្តាប់ចម្លើយនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចតាមវិធីច្បាប់»។ 
    សូមជម្រាបថា ស្ត្រីឈ្មោះ សាទ ដាលីស បានអះអាងថា «រូបនាងកំពុងរងនូវភាពអយុត្តិធម៌ខ្លាំងណាស់ត្រូវបានខាងសាលាសកលវិទ្យាល័យឥន្រ្ទវិជ្ជាមិនបង់លុយហើយប្ដឹងចាប់នាងខ្ញុំដាក់គុកទៀត។ សូមសម្ដេចពុក និងសម្ដេចមែ៉ ព្រមទាំងសម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវសូមជួយអន្តរាគមន៍ដល់នាងខ្ញុំនឹងគ្រួសារផង»។

    នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ឈឿន សាវន កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩៥៦៧២១ មានអាស័យដ្ឋានបច្ចុប្បន្ន នៅផ្ទះលេខ២៧៦ ផ្លូវ៤៦៤ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានប្តឹងឈ្មោះ ហឹង ប៊ុនធឿន ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៤ តុលា ១៩៨១ មានទីលំនៅបច្ចុប្បន្ន នៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងឈ្មោះ សាទ ដាលីស ភេទស្រី ថ្ងៃខែឆ្នាំកំណើត ១៦ តុលា ១៩៨៧ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ ២៨E0Z ផ្លូវ២០៨ ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបក្សពួក ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, កំហែងយកប្រាក់ និងញុះញង់ឲ មានការរើសអើង តាមរយៈគណនីហ្វេសប៊ុក (FACEBOOK) និងបណ្តាញសារព័ត៌មានមួយចំនួនទៀត។ 
   ពាក់ព័ន្ធរឿងរ៉ាវឆ្លើយឆ្លងគ្នាកក្រើកលើបណ្តាញសង្គមនេះ អ្នកឧកញ៉ា លី សាម៉េត ហៅលោកគ្រូមាអធិការបតី និងជាម្ចាស់ភាគហ៊ុនធំ របស់សាលាឥន្ទ្រវិជ្ជា បានសរសេរសារថា «សូមអញ្ជេីញក្មួយ សាទ ដាលីស ជាជាងម៉ៅការធ្វេីកញ្ចក់សារជាថ្មីម្ដងទៀត តាំងពីខែ០៧ រហូតមកដល់បច្ចុប្បន្នសព្វថ្ងៃនេះជាច្រេីនដងមកហេីយ បេីក្មួយស្រីជាមនុស្សស្អាតស្អំ ហើយពិតជាចង់រកយុត្តិធម៌មែននោះ»។ 
    លោកគ្រូមា លី សាម៉េត បានសរសេរបន្ថែមថា «សូមអញ្ជេីញមកជួបខ្ញុំបាទផ្ទាល់ បេីក្មួយយល់ថា ខាងសាលានៅជំពាក់លុយក្មួយនោះ ដេីម្បីជៀសវាង ការយល់ច្រឡំពីមហាជនថាខាងសាលាជាអ្នកបោកប្រាស់ក្មួយស្រី ពូនិងរកយុត្តិធម៌ឲ្យក្មួយស្រី តែខាងសាលាបានចុះទៅវាស់កញ្ចក់តាមម៉ែត្រការ៉េ ដែលក្មួយស្រីបានធ្វេីរួចនោះមានចំនួនតែ ២៩០.៥៥ ម៉ែត្រការ៉េទេ! ហេីយលុយនោះក៏ខាងសាលាបានទូទាត់ឲ្យក្មួយស្រីរួចហេីយដែរ មានចំនួន ២១០០០ដុល្លារ ស្មេីរនឹង ២៩០.៥៥ម៉ែត្រការ៉េ»។

    លោកគ្រូមា លី សាម៉េត បានបញ្ជាក់ថា «បេីក្មួយស្រីនៅតែចោទប្រកាន់មកលេីសាលាសូមក្មួយស្រីចូលខ្លួនមកដោះស្រាយជាមួយខ្ញុំបាទផ្ទាល់ អាស័យអាដ្ឋានខ្ញុំបាទ នៅបុរីរិទ្ធ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ផ្លូវA6 ផ្ទះL13 ជៀសវាងមានការយល់ច្រឡំថាខាងសាលាជាអ្នកបោកប្រាស់ក្មួយស្រី»។

     ជុំវិញរឿងរ៉ាវខាងលើនេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានបញ្ចេញមតិថា «សូមអ្នកឧកញ៉ាឲ្យខាងសាលាមេត្តាបង្ហាញលិខិតប្រគល់លុយផង ដើម្បីអោយមហាជនយល់ ដោយខ្ញុំមិនយល់ថាហេតុអីមនុស្សនៅសុខៗជាពលរដ្ឋហ៊ានទៅយកពងមាន់ជល់និងភ្នំនោះ។ បើអ្នកឧកញ៉ាចេញសម្ដីថាមិនដែលយកពាក្យអីដែលប៉ះពាល់ជាមួយសម្ដេចចុះហេតុអីចាំ បាច់ប្រើ Profile រូបសម្ដេចធ្វើអី?។ ម្យ៉ាងទៀតសូមអ្នកឧកញ៉ា និងម្ចាស់ម៉ៅការជួបគ្នានៅសាលាខ័ណ្ឌទៅវាល្អប្រសើជាងផ្ទះអ្នកឧកញ៉ា។ ខ្ញុំស្គាល់លោក ឡាច សំរោង ច្បាស់ណាស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលជូតញើសឲ្យនោះ»៕