2023-09-10 03:09
133


(ភ្នំពេញ)៖ ស្ត្រីកម្មកររោងចក្រសាប្រីណា (sabrina) ម្នាក់ រំភើបរហូតស្រក់ទឹកភ្នែកក្រោយពេលសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។
   ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រសាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឱ្យកូនស្រីរបស់ខ្លួន ដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាល ខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហក ដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។
   កម្មការិនី ហៀង ចាន់ បានបញ្ជាក់ដូច្នេះ៖ «ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេច ដើម្បីទទួលបានការព្យាបាល ឥឡូវនេះបានជួបហើយ។ ឱ្យតែកូនស្រីខ្ញុំជា ខ្ញុំអរណាស់រំភើបណាស់។ អរគុណសម្តេច»។
   សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រសាប្រ៊ីណា បានបីកូនអាយុ៣ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃអង្គុយរង់ចាំជួបសម្តេចធិបតី។ គ្រាន់តែមកដល់ទីតាំងកម្មវិធីភ្លាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានមកជួបកម្មការិនី ហៀង ចាន់ និងកូនដែលកំពុងអង្គុយរង់ចាំភ្លែត ហើយបានសួរនាំពីជំងឺ។
   បន្ទាប់ពីសួរនាំហើយនោះ សម្តេចធិបតី បានបញ្ជាឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាំកុមារ និងម្តាយទៅមន្ទីរពេទ្យភ្លាមៗ និងព្យាបាយដោយឥតគិតថ្លៃ   រហូតជាសះស្បើយ។ បន្ទាប់ពីទទួលបានការណែនាំលោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែងនាំយកកុមារីមានជំងឺរ៉ាំរ៉ៃនេះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
   កុមារីដែលជាកូនរបស់កម្មការិនី ហៀង ចាន់ មានឈ្មោះ អាត ស្រីនុ អាយុ ៣ឆ្នាំ មានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃ ហើយបច្ចុប្បន្នបន្ទោបង់តាមពោះ។
យោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានឱ្យដឹងថា កុមារីរូបនេះ មានជំងឺខ្សោយពោះវៀនធំបណ្តាលមកពីគ្មានសរសៃប្រសាទពីកំណើត។ កុមារីធ្លាប់បានសម្រាកពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន៤ដង ចាប់ពីខែមករា ឆ្នាំ២០២១ ហេីយបានទទួលកាវះកាត់ចំនួន៣ដងផងដែរ។
   កុមារី ត្រូវបានចោះពោះវៀនធំចំហមកក្រៅពោះ (Colostomy) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ចុងក្រោយត្រូវបានវះកាត់នៅមន្ទីរពេទ្យជ័យវរ្មន័ទី៧ ចំនួន១ដងនៅខែមករា ឆ្នាំ២០២២ ជាមួយរោគវិនិច្ឆ័យស្ទះពោះវៀន។
   លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា កុមារីត្រូវលាងសម្អាតពោះវៀនពីរដង ក្នុងមួយថ្ងៃ រយៈពេលពីរថ្ងៃ។ បន្ទាប់មកត្រូវថតឆ្លុះពោះវៀនថ្ងៃចន្ទ សប្តាហ៍ក្រោយ និងការពិនិត្យឈាមផ្សេងទៀត ដេីម្បីវាយតម្លៃមុនការវះកាត់នៅដំណាក់កាលបន្ត។ ដោយឡែកសម្រាប់ការវះកាត់ភ្ជាប់ពោះវៀនឡើងវិញ និងបិទប្រហោងពោះវិញ ត្រូវការពិចារណាឡើងវិញក្រោយការថតឆ្លុះ។
   បើតាមលោកវេជ្ជបណ្ឌិត គី សន់ទី ជំងឺនេះជាប្រភេទជំងឺពោះវៀនរីកធំពីកំណើត ទាមទារការវះកាត់ច្រើនដង និងមានផលវិបាកច្រើន។
បើទោះបីជាយ៉ាងណា លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាព ឱ្យកុមារីបានជាសះស្បើយពីជំងឺ ហើយអាចបន្ទោបង់ធម្មតាឡើងវិញ៕