2023-09-10 10:09
410

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ហោះ ចំពោះអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ ព្រោះមានពាក់ព័ន្ធសំណុំរឿងនៅតុលាការ។ 

យោងតាមលិខិតបង្គាប់ការ លេខ៧៨៨/២៣ លខ.បក របស់លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា «ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ»។ 

លិខិតបង្គាប់ការតម្រូវឲ្យលោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាយបុគ្គលិក) រៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី។ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកស្ទោង និងសាម៉ីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីរថ្ងៃចុះហត្ថលេខាតទៅ។ 

សូមជម្រាបថា ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានការដាក់ចេញនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យស្រាវជ្រាវ ចំពោះការតែងតាំងមេប៉ុស្តិ៍ នៅរដ្ឋបាលឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ។ 

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនបានសរសេរថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ) ខ្ញុំបានចេញបទបញ្ជាទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យពិនិត្យស្រាវជ្រាវ ជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ»។ 

តាមប្រភពច្បាស់ការបានបញ្ជាក់ថា លោកមេប៉ុស្តិ៍សំព្រោជនឹងត្រូវបណ្តេញចេញពីក្រមខណ្ឌ និងលោកអធិការនគរបាលស្រុកស្ទោង ត្រូវជាពូលោកមេប៉ុស្តិ៍ជាប់ពិរុទ្ធ ត្រូវដកបញ្ឈជើងផងដែរ៕