2023-09-11 10:09
114

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចដកហូតមុខតំណែង ចំពោះអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ឱ្យមកជាមន្ត្រី។ 

នេះបើយោងតានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាកជាតិ ដែលបណ្តាញសាព័ត៌មានយើងទទួលបាន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ 

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ចំពោះករណីនេះ មូលហេតុដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ដូច្នេះរាល់ការសម្រេចទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ 

សូមជម្រាបថា អនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ក្រោយពីមានការតែងតាំងជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ ត្រូវបានបែកធ្លាយរឿងអាស្រូវធ្លាប់ពាក់ព័ន្ធបទល្មើសឧក្រឹដ្ឋ ប្លន់ទូមាសនាយពេលកន្លងមក។ បន្ទាប់មានការផ្សព្វផ្សាយលើបណ្តាញសារព៏ត៌មាន សម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែកញ្ញាម្សិលមិញ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យស្រាវជ្រាវបន្ទាន់ ចំពោះការតែងតាំងមេប៉ុស្តិ៍ នៅរដ្ឋបាលឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ។ 

ជុំវិញរឿងមិនប្រក្រតីក្នុងការតែងតាំងមេប៉ុស្តិ៍ខាងលើ ក្រោយមានបួបញ្ជារបស់នាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានចេញលិខិតបង្គាប់ការ «ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ»៕