2023-09-11 12:09
125

បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងប្រុស ស្រី ចំនួន ៤២នាក់ ដើរលេងដាច់យប់មិនចូលផ្ទះ ដែលតែងតែប្រមូលម្តុំគ្នា ពពាក់ពពួន បង្កភាពអសន្តិសុខ គ្មានសណ្តាប់ធ្នាប់ និងបង្កភាពអនាធិបតេយ្យ ក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ដកហូតម៉ូតូ ចំនួន ២៣គ្រឿង។ 

ប្រតិបត្តិការនេះ អនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។ 

ជាក់ស្តែង នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២៣និង០០នាទីយប់ រហូតដល់ម៉ោង ០៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចំនួន ១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចំនួន ១០នាក់ បានចេញប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត ក្នុងភូមិសាស្ត្រក្រុងបាន ចំនួន ៤២នាក់ ក្នុងនោះស្រី ចំនួន ១២នាក់ និងម៉ូតូ ចំនួន ២៣គ្រឿង។ 

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមក្មេងទាំង ៤២នាក់ ស្រី ១២នាក់ រកឃើញក្មេងដែលមានការពាក់ព័ន្ធបទល្មើស ចំនួន ០៦នាក់ រួមមាន៖ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន ០៤នាក់ ស្រី ០១នាក់ ពាក់ព័ន្ធបទល្មើសកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យលឺសំលេងខ្លាំង ចំនូន ០២នាក់ ស្រី ០១នាក់ និងម៉ូតូ ០២គ្រឿង។ 

ចំពោះក្មេងទំនើងដែលពិនិត្យមិនមានការពាក់ព័ន្ធនឹងបទល្មើស ចំនួន ៣៦នាក់ ស្រី ១១នាក់ ត្រូវបានអប់រំរួចឲ្យទៅផ្ទះវិញ និងក្មេងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូអោយលឺសម្លេងខ្លាំង ចំនួន ០២នាក់ ស្រី ០១នាក់ បានអប់រំណែនាំឲ្យធ្វើការដោះដូរសំពងស៊ីម៉ាំងដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវបំពាក់ដោយក្រុមហ៊ុន ទើបប្រគល់ម៉ូតូឲ្យប្រើប្រាស់វិញ។ ចំពោះក្មេងដែលមានការពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានឃាត់ខ្លួន នៅអធិការដ្ឋានដើម្បី សួរនាំរកអ្នកពាក់ព័ន្ធបន្ត៕