2023-09-11 12:09
123

(កំពត)៖  នាថ្ងៃទី ១០ ខែកញា ឆ្នាំ២០២៣នេះអាជ្ញាធរ និងកសិករនៅភូមិច្រកកែស និងភូមិត្រពាំងម្នាស់ ក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានលើកឡើងថា មុខរបរចិញ្ចឹមចង្រិតរកប្រាក់ចំណូលបានច្រើនជាងរបរចិញ្ចឹមសត្វផ្សេងៗផងដែ។

ប៉ុន្តែបន្ទាប់ពីមានការផ្ទុះជំងឺធ្វើឲ្យចង្រិតងាប់ច្រើន អាជ្ញាធរនិងមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យឃើញមានដង្កូវហើយបានស្នើសុំឲ្យប្រជាពលរដ្ឋបោះបង់ការចិញ្ចឹមចង្រិតមួយរយៈពេលសិន។
អ្នកស្រី ស៊ុម ផារ៉េម រស់នៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ បានប្រាប់ឲ្យដឹងថា លោកស្រីបានចិញ្ចឹមចង្រិតជាង៣ឆ្នាំមកហើយ របរនេះបានធ្វើឲ្យអ្នកស្រីអាចរកចំណូលផ្គត់ផ្គង់គ្រួសារ និងមានលទ្ធភាពបញ្ជូនកូនទៅរៀនបន្តនៅរាជធានីភ្នំពេញពីរនាក់។

អ្នកស្រីបានបញ្ជាក់ថារបរចិញ្ចឹមចង្រិតល្អជាងការចិញ្ចឹមសត្វផ្សេងៗ ព្រោះវាប្រើពេលខ្លី(ជាង១ខែប្រមូលផល) ហើយទីផ្សារចង្រិតក៏ល្អសមរម្យ។

ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីផ្ទុះជំងឺធ្វើឲ្យចង្រិតងាប់  អ្នកភូមិច្រកកែក និងភូមិត្រពាំងម្នាស់ខាតបង់ និងបានបោះបង់របរចិញ្ចឹមចង្រិតភាគច្រើន។

ចំណែកអ្នកបន្តចិញ្ចឹមចង្រិតនាពេលបច្ចុប្បន្ននេះ គីក្នុងចំនួនតិចតួចជាងមុន ព្រោះខ្លាចខាតបង់ច្រើន ដោយសារមានជំងឺចង្រិតងាប់នេះ។

ប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វចង្រិតនៅភូមិច្រកកែស និងភូមិត្រពាំងម្ចាស់បានបញ្ជាក់ថា ជំងឺចង្រិតងាប់បណ្តាលមកពីដង្កូវម្យ៉ាងស៊ី ប៉ុន្តែពួកគាត់មិនអាចស្វែងរកថ្នាំកំចាត់ដង្កូវនោះបាន ហើយថាដង្កូវនោះចាប់ផ្តើមស៊ីចង្រឹង ពេលចង្រិតធំជិតដល់ពេលប្រមូលផល។

ប្រជាពលរដ្ឋបានស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធជួយរកវិធីដោះស្រាយ និងជួយបណ្តុះបណ្តាលការចិញ្ចឹមចង្រិតដល់កសិករនេះ ព្រោះវាជួយសម្រួលដល់ជីវភាពបានច្រើនទៅថ្ងៃមុខ។ លោក សំរិទ្ធ ញឹម មេភូមិច្រកកែសបានប្រាប់ឱ្យដឹងថា កាលពីមុនអ្នកភូមិប្រមាណ៦០គ្រួសារបានមានរបចិញ្ចឹមចង្រិត ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រហែលជាង១២គ្រួសារតែប៉ុណ្ណោះបន្ទាប់ពីផ្ទុះមានជំងឺចង្រិតងាប់ ។

បើយោងតាមអាជ្ញាធរស្រុកបានឲ្យដឹងថា អ្នកភូមិច្រកកែស និងភូមិត្រពាំងម្ចាស់ចិញ្ចឹមចង្រិតប្រមាណជាង១៣០គ្រួសារ របរចិញ្ចឹមចង្រិតបានធ្វើឲ្យជីវភាពពលរដ្ឋល្អប្រសើរមុនពេលផ្ទុះជំងឺ។  បើតាមការបញ្ជាក់របស់ពលរដ្ឋថា បើចេះចិញ្ចឹមចង្រិតបានល្អ ប្រាក់ចំណូលពូគាត់មិនចាញ់ អ្នកមានប្រាក់ខែនោះទេ។(សឹង រ៉ាត់)