2023-09-11 01:09
138

ភ្នំពេញ ៖ បុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ រីឯស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅធ្វើការក៏ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញស្ត្រីម្នាក់បានជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវព្រៃសក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានប្តីប្រពន្ធមួយគូបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-8860 ឌុបគ្នាយ៉ាងលឿនរួចក៏ទាក់ដៃចង្កូតជាមួយម៉ូតូWave បណ្តាលឱ្យបុរសជាប្តីបានដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកឯប្រពន្ធរងរបួសធ្ងន់ធ្ងរ ដោយឡែកភាគីម្ខាងទៀតរងរបួសស្រាល ។ 

ក្នុងករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ មួង ផុន អាយុ៤៣ឆ្នាំ រីឯប្រពន្ធរងរបួសធ្ងន់មានឈ្មោះស៊ីវ ធីនី អាយុ៤០ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ ។ ចំណែកម្ចាស់ម៉ូតូWave មានឈ្មោះ ព្រំ ស៊ុនរី ភេទស្រី អាយុ៤២ ឆ្នាំ មានស្រុកកំណើតនៅភូមិរៃខាងជើង ឃុំក្រោលគោល ស្រុកស្វាយជ្រំ   ខេត្តស្វាយរៀង។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញបានចុះធ្វេីការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕