2023-09-11 02:09
126

ខេត្តបន្ទាយមានជ័យ៖ នគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យជាជនជាតិថៃចំនួន០៣នាក់ ស្រី០១នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលការិយាល័យជំនាញ និងគ្រប់អធិការដ្ឋានគរបាលក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវនូវរាល់បទល្មើសគ្រឿងញៀនតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម ។ នៅវេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាសង្ស័យមានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះទៅដល់គោលដៅភ្លាមៗនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ បុ្រស ស្រី ចំនួន០៣នាក់ ៖   ១/-ឈ្មោះ ឆៃឆាណៈ ពីខងហៅផយ ភេទប្រុសអាយុ៣២ឆ្នាំ(ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទជួញដូរគ្រឿងញៀន  ២/- ឈ្មោះ មិលវីឡានី ថងថាប់ ភេទស្រីអាយុ៤០ឆ្នាំ ៣/- ម៉ុងគុត ហមផាណា ភេទប្រុសអាយុ២៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទរំលោភ) ។

លោកស្នងការរងបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបរត្តិការនេះកម្លាំងសមត្ថកិច្ចនគរបាលយើងបានដកហូតបានវត្ថុតាងមាន៖    ១/-ម្សៅក្រាមពណ៌សថ្លា(ខេទឹកកក)ចំនួន១៣ថង់ទម្ងន់១៥.០ក្រាម(ថ្លឺងសាច់ថ្នាំសុទ្ធ)  ២/-កញ្ឆាក្រៀមចំនួន០៦ថង់ទម្ងន់២,១៥៨.៨១ក្រាម(ថ្លឺងទាំងសំបកថង់)     ៣/-កូនជញ្ជីងចំនួន១០     ៤/-សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន     ៥/-ម៉ាស៊ីនអ៊ុតថង់ចំនួន០១   ៦/-ថ្នាំទឹកសប្បាយចំនួន១៨ដប     ៧/-បារីអេឡិចត្រូនិកចំនួន០២     ៨/-គ្រាប់កាំភ្លើងខ្លីចំនួន០៥គ្រាប់    ៩/-លិខិតឆ្លងដែន០១ក្បាល    ១០/-ប័ណ្ណព្រំដែន០១ក្បាល     ១១/-អត្តសញ្ញាណប័ណ្ណជនជាតិថៃចំនួន០៣សន្លឹក     ១២/-ទូរស័ព្ទដៃចំនួន០២គ្រឿង     ១៣/-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០២     ១៤/-ឧបករណ៍កែច្នៃសម្រាប់ជក់កញ្ឆាចំនួន០១ ៕