2023-09-11 02:09
141

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវបំបែកជា៤ ផ្លូវខ្វែងទិស ចំណុចផ្លូវវាងក្រុង តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ច្រើនតែកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យរបួសនិងស្លាប់ជាញឹកញាប់នោះ ហើយប្រជាពលរដ្ឋមានជំនឿថា ជាចំណុចជើងកបខ្លាំង ។ ពេលនេះប្រជាពលរដ្ឋនិងអាជ្ញាធរឃុំ បានធ្វើពិធីសាសនា ដោយបាននិមន្តព្រះសង្ឃមកពីវត្តចំនួន៣ផ្សេងគ្នា ដែលមានព្រះសង្ឃរហូតដល់៣៣អង្គ សូត្រមន្តប្រោះព្រំ សុំសិរីសួស្តី សិរីមង្គល និង បញ្ចៀសនូវឧបទ្រប់ចង្រៃ បញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ពីចំណុចផ្លូវបំបែកជាបួន នេះ ។

 ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសាសនានេះ បានឱ្យដឹងថា ត្រង់ចំណុចនេះតាំងតែពីផ្លូវនេះបានបើកអោយដំណើរការមកម្លេះ  គឺតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដោយសារតែផ្លូវវាងក្រុងសំបូរទៅដោយរថយន្តបើកក្នុងល្បឿនលឿន បើទោះបីជិតដល់ផ្លូវបំបែកដែលមាននិមិតសញ្ញាចរាចរណ៍យ៉ាងណាងក៏ដោយគឺនៅតែមាន បង្កគ្រោះថ្នាក់រហូត។

 ដែលប្រជាពលរដ្ឋមានជំនឿថា ទីតាំងនេះពិតជាមានជើងកប ទើបពេលនេះ ប្រជាពលរដ្ឋនិងអាជ្ញាធរបាននិមន្តព្រះសង្ឃសូត្រមន្តសុំសិរីសួស្តី សិរីមង្គល និង សុខសប្បាយជារៀងរហូត ។

 ដោយឡែក អាជ្ញាធរឃុំជ្រៃបាក់ បានប្រាប់ថា ក្រៅពីពិធីសាសនានេះ ក៏សំណូមពរដល់ប្រជាពលរដ្ឋដែលអ្នកប្រើប្រាស់ផ្លូវនេះចូលរួមគោរពច្បាប់ចរាចរណ៍ និង ការបើកបរយោគយល់អធ្យាស្រ័យនិង គ្នាទៅវិញទៅមក ហើយពេលមកដល់ចំណុចផ្លូវបំបែកនេះ គឺត្រូវបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ៕