2023-09-11 02:09
156

តាកែវ៖  ជនល្មើសជាជនជាតិវៀតណាម លួចឆ្លងដែនចូលមកនេសាទត្រីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រទឹកដីស្រុកបូរីជលសារ ខេត្តតាកែវ រួចហ៊ានបង្កអំពើហិង្សាកាប់លើពលរដ្ឋខ្មែរម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ មហាជនស្មើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសររដ្ឋបាលខេត្តតាកែវតែម្តង។ 

យោងតាមរបាយការណ៍មួយ ដែលបង្ហោះចែកចាយលើបណ្តាញសង្គម បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ មានករណីជនជាតិវៀតណាម ធ្វើសកម្មភាពហិង្សាកាប់លើបងប្អូនប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីខ្មែរយ៉ាងរំភើយ ហាក់ដូចជាមិនខ្លាចនឹងច្បាប់នោះឡើយ។ របាយនោះ បានបង្ហាញថា ជាពិសេសជនជាតិវៀតណាមទាំងអស់នោះភាគច្រើនចូលមកទឹកដីខ្មែរដោយខុសច្បាប់ បានបង្ករឿងអសន្តិសុខថែមទៀតផង។ 

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ធឿង តាយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវជនជាតិវៀតណាម កាប់ត្រូវចំត្រចៀក និងដៃជាច្រើនកន្លែង។ ចំពោះមូលហេតុ ដោយសារតែជនជាតិវៀតណាម បានលួចឹលងដែនមករកស៊ីនេសាទត្រី ចូលដល់ភូមិសាស្ត្រទឹកដីខ្មែរបង្កឲ្យមានទំនាស់ពាក្យសម្តី ទើបឈានដល់ផ្ទុះអំពើហិង្សា ក្រុមជនជាតិវៀតណាម ព្រួតគ្នា វាយ និងកាប់ធ្វើបាបមកលើជនរងគ្រោះបែបនេះ។

ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ជាប់ព្រំដែន ក្នុងស្រុកបូរីជលសារ បានស្នើដល់កម្លាំងមានសមត្ថកិច្ច និងកម្លាំងឈរជើងតាមច្រកព្រំដែន កម្ពុជា-វៀតណាម មេត្តជួយធ្វើការរឹតបន្តឹង និងទប់ស្កាត់ជនជាតិវៀតណាម ដែលចូលមកនេសាទនៅលើទឹកដីខ្មែរ និងតាមចាប់បុគ្គលជនជាតិវៀតណាម ដែលបានប្រព្រឹត្តអំពើហិង្សាបង្កឲ្យមានរបួសដល់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយក៏មិនមែនជាលើកទី០១ដែរ។ 

ពាក់ព័ន្ធករណីខាងលើ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ អង្គភាព msj tv បានទំនាក់ទំនង តាមប្រព័ន្ធតេលេក្រាម ទៅលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ជាអ្នកនាំពាក្យស្នងការខេត្តតាកែវ ដើម្បីសុំការបញ្ជាក់បន្ថែម ករណីជនជាតិវៀតណាមឆ្លងដែនចូលមកកម្ពុជាចាប់ត្រីដោយខុសច្បាប់ រួចប្រើអំពើហិង្សាលើបងប្អូន ប៉ុន្តែពុំទទួលបានការឆ្លើយតមទេ៕