2023-09-12 10:09
111

បន្ទាយមានជ័យ៖ ឧក្រឹដ្ឋជនជនជាតិថៃ ចំនូន ០៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងឃាតកម្មសម្លាប់មនុស្ស ០១គ្រួសារ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានកណ្តាល ក្រសួងមហាផ្ទៃ សហការជាមួយស្នងការនគរបាលខេត្តបន្ទាយជ័យ សមត្ថកិច្ចពាក់ព័ន្ធ ដោយមានបានធ្វើការផ្លាស់ប្តូរផ្តល់ព័ត៌មានពីភាគីកម្លាំងនគរបាលភូមិន្ទថៃផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងនគរបាលជាតិកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនជាតិថៃចំនួន ០៤នាក់ ដែលកំពុងសម្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ ចំនួន ០៣នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ ដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការចង្អុលដឹកនាំពីឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានធ្វើការផ្លាស់ប្តូរព័ត៌មាន ជាមួយនគរបាលភូមិន្ទថៃ រហូតកំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនជាតិថៃ ចំនួន ០៤នាក់ ដែលកំពុងរត់គេច និងសម្ងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោក តាមប្រព័ន្ធអនឡាញ បណ្តាលឲ្យជនរងគ្រោះជាជនជាតិថៃសម្លាប់គ្រួសាររបស់ខ្លួនឯង មានម្តាយ និងកូនពីរនាក់ រួចព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយ ក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។  

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣  ខណៈកិច្ចពិភាក្សានេះបានផ្តោតសំខាន់ អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឲ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឲ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការ បង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ក្រោយឃាត់ខ្លួន ត្រូវបានប្រគល់ជូនសមត្ថកិច្ចថៃនាំយកទៅប្រទេសថៃ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕