2023-09-12 11:09
111

កំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញអធិការនគរបាលស្រុកសំរោងទង បើកកិច្ចប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាប ដោយឃាត់ខ្លួនមុខសញ្ញាជាចោរប្លន់ម៉ូតូយ៉ាងសកម្ម ចំនូន ០៥នាក់ ដកហូតម៉ូតូ ចំនួន ០២គ្រឿង ក្នុងនោះ របស់ជនរងគ្រោះ ០១គ្រឿង បានប្រគល់ជូនម្ចាស់វិញ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សមរ្ថកិច្ចជំនាញបានសហការជាមួយផែនយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា សច្ចៈបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លសរ ស្រុកសំរោងទង។

ដំណើររឿងហេតុៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៣០នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (៤៩-៥០) ក្នុងភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ ចំនួន ០៤នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ចំនូន ០២គ្រឿង ធ្វើសកម្មភាពដេញតាមពីក្រោយកៀរម៉ូតូជនរងគ្រោះឲ្យឈប់រួចប្រើកាំបិតផ្កាក់គំរាមកាប់ជនរងគ្រោះឈ្មោះ ទុំ  វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈពេលកំពុងម៉ូតូចេញពីផ្ទះទៅសំរាកនៅផ្ទះជួលបងប្អូន នៅភូមិភ្នំដី  សង្កាត់ច្បារមន  ក្រុងច្បារមន។

ក្នុងពេលធ្វើសកម្មភាពប្លន់នោះ ជនរងគ្រោះបានផ្ដួលម៉ូតូទុកចោលដោយមិនដកកូនសោររត់គេចខ្លួនយករួចតែខ្លួន ហើយក្រុមជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។ ចពោះម៉ូតូដែលបាត់បង់ ម៉ាក HONDA C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញយោងតាមការផ្កល់ព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មោះ យឿន រក្សា ហៅតឿ ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង បានទិញម៉ូតូ ម៉ាក Honda C125 ស៊េរី២០២២ ពណ៌ខ្មៅ ពីឈ្មោះ ញ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ដែលធ្វើសកម្មភាពប្លន់នៅក្រុងច្បារមន កន្លងមកក្រោយឃាត់ខ្លួនឈ្មោះ យ៉ា សច្ចៈបញ្ញា ហៅញ៉ា បានសារភាពថា «ខ្លួននិងមានបក្ខពួក ០៤នាក់ទៀត ពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន»។

លោកវរសេនីយ៍ឯក ឃុត សុផល បានបន្ថែមថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់បន្ថែមទៀត រួមមាន៖ ទី១- ឈ្មោះ យឹម រក្សា ហៅតឿ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម៉ូតូ Honda C125 ស៊េរី២០២២ ពណ៌ខ្មៅ របស់ជនរងគ្រោះ។ ទី២- ឈ្មោះ រីម ឆវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិតាគាំ ឃុំវល្លិសរ ស្រុកសំរោងទង។ ទី៣- ឈ្មោះ នុត សំបូរ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង និងទី៤- ឈ្មោះ ភុន ចន្រ្ទា ហៅង៉ោល ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង។
      
សរុបឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ ដកហូតម៉ូតូ ០២គ្រឿង ក្នុនោះជនរងគ្រោះ ០១គ្រឿង។ តាមចម្លើយក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្លន់យម៉ូតូ ០៤លើក នៅក្រុងច្បារមន ចំនួន ០៣លើក និង ស្រុកអង្គស្នួល ០១លើក។បច្ចុប្បន្ន ករណីខាងលើជំនាញកសាងសំណុំរឿងចាត់កាតាមនិតិវិធីច្បាប់៕