2023-09-12 11:09
107

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីមួយកន្លែង ស្ថិតនៅក្បែរសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីរៀបចំធ្វើមណ្ឌលសុខភាព។

បើតាមចៅសង្កាត់បឹងកុក លោក ខ្យង អូន បានឲ្យដឹងថា ដោយសារក្នុងសង្កាត់បឹងកុក មិនទាន់មានមណ្ឌលសុខភាព ដូច្នេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញចុះពិនិត្យទីតាំងដី ស្ថិតនៅក្បែរសង្កាត់បឹងកុកតែម្តង ដើម្បីសាងសង់មណ្ឌលសុខភាព។

លោកចៅសង្កាត់ បានបន្ថែមថា ក្រោយពីការត្រួតពិនិត្យ លោកអភិបាលខេត្ត បានសម្រេចប្រគល់ដីមួយកន្លែងក្បែរសង្កាត់បឹងកុក ដែលមានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ ដល់អាជ្ញាធរសង្កាត់បឹងកុក ត្រៀមដើម្បីរៀបចំសាងសង់អាគារមណ្ឌលសុខភាព។

យ៉ាងណាក៏ដោយ ចៅសង្កាត់បឹងកុក លោក ខ្យង អូន បានបញ្ជាក់ថា លោកមិនទាន់ដឹងនៅឡើយទេ កាលបរិច្ឆេទ នៃដំណើរការសាងសង់អគារមណ្ឌលសុខភាពសង្កាត់បឹងកុកនេះ៕