2023-09-12 11:09
113

តាកែវ៖ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងថា «ករណីអំពើហិង្សាដែលបង្កឡើងដោយជនជាតិវៀតណាម ពិតកើតមានលើប្រជាពលកម្ពុជាម្នាក់ នៅក្នុងភូមិសាស្ត្រស្រុកបូរីជលសារប្រាកដមែន ហើយពេលនេះសមត្ថកិច្ចព្រំដែនកំពុងធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចវៀតណាម កំពុងធ្វើកិច្ចការងារនេះ»។ 

ពាក់ព័ន្ធករណីហិង្សាបង្កដោយជនជាតិវៀតណាម លើកពលរដ្ឋខ្មែរ ក្នុងទឹកដីកម្ពុជានេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា «ពិតជាមានករណីហ្នឹងមែន លោកស្នងការបានបញ្ជាអោយកម្លាំងវរ៦០៣ ទៅទំនាក់ទំនងជាមួយសមត្ថកិច្ចវៀតណម ធ្វេីការងារនេះ»។ 

សូមជម្រាបថា ជនល្មើសជាជនជាតិវៀតណាម ដែលលួចឆ្លងដែនចូលមកនេសាទត្រីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រទឹកដីស្រុកបូរីជលសារ ខេត្តតាកែវ បានបង្កអំពើហិង្សាកាប់លើពលរដ្ឋខ្មែរម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កើតឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងភូមិសាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ។ ជនរងគ្រោះមានឈ្មោះ ធឿង តាយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវជនជាតិវៀតណាម កាប់ត្រូវចំត្រចៀក និងដៃជាច្រើនកន្លែង។ 

ចំពោះមូលហេតុ ដោយសារតែជនជាតិវៀតណាម បានលួចឆ្លងដែនមករកស៊ីនេសាទត្រីដោយខុសច្បាប់ ចូលដល់ភូមិសាស្ត្រទឹកដីកម្ពុជា បង្កឲ្យមានទំនាស់ពាក្យសម្តី ទើបឈានដល់ផ្ទុះអំពើហិង្សា ក្រុមជនជាតិវៀតណាម ព្រួតគ្នា វាយ និងកាប់ធ្វើបាបមកលើជនរងគ្រោះបែបនេះ។ 

សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃការចុះស្រាវជ្រាវ និងទំនាក់ទំនាក់ជាមួយភាគីវៀតណាម ជុំវិញរឿងអំពើហិង្សានេះនូវមិនទាន់ដឹងនៅឡើយទេ៕