2023-09-12 02:09
116

ស្ទឹងត្រែង៖ ក្រុមហ៊ុនចំការដំឡូងមី ចំកាត់ ដែលមានទីតាំងនៅឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលបានបាញ់ថ្នាំពុលចំការចេកបង្កផលប៉ះពាល់ដល់សុខមាភាព និងការរស់នៅរបស់ប្រពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងខ្លាំង។ 

ដោយសារផលប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃបែបនេះ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ២០០នាក់ បានជួបជុំគ្នាតវ៉ា និងធ្វើសំណើសុំអន្តរាគមន៍ដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ។

តំណាងប្រជាពលរដ្ឋ រសនៅភូមិរឹទ្ធសែនមានជ័យ ២ ឃុំអូរស្វាយ បានលើកឡើងថា «ក្រុមហ៊ុនដាំដំណាំដំឡូងមី និងចេក ចំកាត់ បានបាញ់ថ្នាំពុលសម្លាប់សត្វល្អិតលើដំណាំរបស់ខ្លួន ដោយមិនបានគិតពីផលប៉ះពាល់ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជុំវិញក្រុមហ៊ុនឡើយ។ ករណីបាញ់ថ្នាំពុលនេះ ប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុខភាពយ៉ាងខ្លាំង»។ តំណាងពលរដ្ឋ បានបន្ថែមទៀតថា «ក្រុមហ៊ុនចំការដំឡូងមី ចំកាត់ បាញ់ថ្នាំពុល និងថ្នាំគីមីដោយមិនបានគិតអំពីផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ព្រោះក្លិនវាធ្វើឱ្យមនុស្សពិបាកដកដង្ហើមបំផុត»។

អ្នកភូមិអះអាងថា ការសាយភាយនូវក្លិនថ្នាំគីមីដ៏ពិកបាកដកដង្ហើមដោយសារក្រុមហ៊ុន ផលិតដំឡូងមីចំកាត់ បាញ់លើដំណាំចេក បង្កឱ្យប្រជាពលរដ្ឋ  ជាពិសេសកុមាររៀននៅតាមសាលាបឋមសិក្សា មានអការៈធប់ដង្ហើម ពុលក្អួត និងបរិភោគអាហារមិនកើត។

ពាក់ព័ន្ធរឿងហេតុនេះ លោក សូមិត្ត តំណាងឱ្យអគ្គនាយកក្រុមហ៊ុន ផលិតដំឡូងមី ចំកាត់ បានទទួលស្គាល់ថា «កម្មករក្រុមហ៊ុនពិតជាបានបាញ់ថ្នាំ ដោយប្រើប្រាស់រថយន្តធំ ទៅតាមបច្ចេកទេសទៅលើដំណាំចេកពិតប្រាកដមែន។ ចំពោះថ្នាំដែលបានបាញ់លើដំណាំចេករបស់ក្រុមហ៊ុននោះ ជាប្រភេទថ្នាំបំប៉នស្លឹកវាមានក្លិនអាក្រក់មែន។ បញ្ហានេះក្រុមហ៊ុនបានទទួលដំណឹងពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ពីការធំក្លិនអាក្រក់បង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃមែន។ 

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានប្រាប់កាសែតថ «ករណីនេះលោកនឹងឱ្យសមត្ថកិច្ចជំនាញបន្តតាមដានរឿននេះ ប្រសិនបើកម្ចាស់ក្រុមហ៊ុននៅប្រព្រឹត្តមិនកែប្រែ និងដាក់ពាក្យបណ្តឹងទៅស្ថាប័នជំនាញឱ្យមកពិនិត្យ និងផាកពិន័យតាមផ្លូវច្បាប់ចំពោះសកម្មភាពបាញ់ថ្នាំនេះ ព្រោះធ្វើអ្វីក៍ដោយត្រូវតែគិតពីសុខភាពសាធារណៈជាចំបងដែរ»។    
   
សូមបញ្ជាក់ថា ក្រុមហ៊ុន ផលិតដំឡូង មីចំកាត់ បានដាំដំណាំចម្រុះ និងធ្លាប់កើតរឿងរ៉ាវជាច្រើនករណីដោយសារតែការអនុវត្តការងារមិនត្រឹមត្រូវតាមកិច្ចសន្យា និងប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់សត្វល្អិតខ្លាំងបំប៉នដំណាំបង្កផលប៉ះពាល់ផ្នែកសុខភាពសាធារណៈយ៉ាងខ្លាំង។ 

ពាក់ព័ន្ធបញ្ហាប៉ះពាល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ បង្កឡើងដោយក្រុមហ៊ុន ផលិតដំឡូងមី ចំកាត់នេះ ប្រជាពលរដ្ឋ សំណូមពរដល់ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងៗមេត្តាចុះអន្តរាគមន៍លើបញ្ហានេះផង៕