2023-09-13 02:09
138

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា រយៈពេលពីរថ្ងៃមកនេះ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរាជធានីភ្នំពេញ នាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារ និងកន្លែងលក់ទំនិញនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។

យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ ទំនិញចម្រុះរួមមាន គ្រឿងទេសចិន មីចិន ភេសជ្ជៈ គ្រៀងសមុទ្រ។ល។ ត្រូវបានត្រួតពិនិត្យ ហើយពពុះសណ្តែក សរសៃគុយទាវ និងអំបិលអ៊ីយ៉ូដ ត្រូវបានមន្ត្រីជំនាញធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ និងភាពអនុលោមតាមបទដ្ឋានបច្ចេកទេសផងដេរ។

មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ជាលទ្ធផល បានរកឃើញ៖
– ពពុះសណ្តែក មានលាយសរធាតុបូរ៉ាក់(Borax) ចំនួន ០.៤គីឡូក្រាម
– មឹក មានលាយសារធាតុ Formalin
– អំបិលអ៊ីយ៉ូដមិនអនុលោមតាមបទដ្ឋានបច្ចេកទេស
– ភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខ ចំនួន ៣៣.០៧ លីត្រ
– ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន ៩៨.៨៨គីឡូក្រាម និង ១៩ដប/កំប៉ុង។ សរុបរួមចំនួន ១៣២.៣៥គីឡូក្រាម និង ១៩ដប/កំប៉ុង៕