2023-09-13 02:09
111

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការរួមចំណែកលើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញអោយកាន់តែមានភាពប្រសើរឡើង។

ការកោតសរសើរបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ កញ្ញាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា៖ នៅខែសីហា ឆ្នាំ២០២៣កន្លងមកនេះ គណៈអភិបាលរាជធានីភ្នំពេញ ពិសេសមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនរាជធានីភ្នំពេញ បានខិតខំចូលរួមយ៉ាងសកម្មតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។

លោក ម៉ប់ សារិន ក៏បានសរសើរផងដែរ ចំពោះសមត្ថកិច្ចដែលបានខិតខំ បង្ក្រាបបទល្មើស គ្រឿងញៀនបាន ៤៧ករណី ឃាត់ខ្លួនបាន៧៣នាក់ ស្រាវជ្រាវបង្ក្រាបក្មេងទំនើង- ជនទំនើងបាន ៧៣ករណី ឃាត់ខ្លួនបាន ១៣២នាក់ ព្រមទាំងបានធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពក្នុងខែសីហានេះ។

លោក ម៉ប់ សារិន ក៏បានសាទរនិងគាំទ្រចំពោះរដ្ឋសភានីតិកាលទី៧ ដែលបាន បោះឆ្នោតលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី និងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការ ព្រមទាំងប្រកាសដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដែលជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់អ្នកបន្តវេនដោយរលូន និងបានជោគជ័យនូវ ដំណាក់កាលទី១ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតការយកចិត្តទុកដាក់លើអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគោលដៅដើម្បីឆ្ពោះទៅរកការសម្រច ចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ សំដៅកសាងកម្ពុជាទំនើបថ្មីមួយ ប្រជាជនកម្ពុជាមានចំណេះដឹង និងជំនាញច្បាស់លាស់ ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានយុត្តិធម៌សង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស។

លោកមាន ចាន់យ៉ាដា ក៏បានលើកឡើងថា៖ ការសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះគឺពិតជាការលើកទឹកចិត្តដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារកាន់តែល្អប្រសើរថែមទៀត ។ 
ក្នុងនាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ក៏បានស្នើអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនិងជំនន់ទឹកស្ទឹងព្រែកត្នោត បើទោះបីឆ្នាំនេះទឹកមិនធំក្តី តែយើងត្រូវយកចិត្តទុកដាក់ត្រៀមទុកជាមុន ពោលគឺមានបញ្ហាយើងបានត្រៀមទុកជាមុនស្រេច។ ចំពោះខណ្ឌទាំង១៤ក៏ត្រូវបន្តយកចិត្តទុកដាក់ផងដែរចំពោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសខណ្ឌនៅកណ្តាលក្រុង ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពីមាត់លូ។

ចំពោះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យកឋិនទាននិងបុណ្យអុំទូកខាងមុខនេះ លោកមាន ចាន់យ៉ាដា ក៏បានជំរុញអោយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរ កងកម្លាំងទាំងអស់ត្រូវតៀមអោយបានរួចរាល់ ទាំងការតុបតែងភ្លើងពណ៌ អនាម័យ បរិស្ថាននិងការរក្សាសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរ៕