2023-09-14 08:09
226

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តប៉ិញភឿក អគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការបើកកិច្ចប្រជុំរួមគ្នា លើការងារបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆ្លងកាត់នានា ពិសេសលុបបំបាត់ បង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តត្បូងឃ្មុំ និងខេត្តប៉ិញភឿក ដែលធ្វើឡើងនៅខេត្តប៉ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា ចំណុចសំខាន់ៗនៃកិច្ចប្រជុំក្នុងគោលបំណង គឺបន្តពង្រឹងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ពិសេសគឺខេត្តត្បូងឃ្មុំ និងខេត្តប៉ិញភឿក ដើម្បីបង្ការបង្ក្រាបទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជួយសម្រួលដល់ការធ្វើដំណើរទៅមករវាងប្រជាពលរដ្ឋទាំងពីរ ដើម្បីផ្លាស់ប្ដូរទំនិញ ប្រកបអាជីវកម្ម ដំណាំកសិកម្ម កសិឧស្សាហកម្ម និងសួរសុខទុក្ខ-ព្យាបាលជម្ងឺ៕