2023-09-14 09:09
171

(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពគុណភាពស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម ដោយប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេត ពិនិត្យស្ពាន ឧបករណ៍វាស់ ដើម្បីតាមដានរំញ័រស្ពាន និងកម្ពស់ទឹកទន្លេនារដូវវស្សា។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាឈ្វេងយល់ស្ថានភាពគុណភាពជាក់ស្ដែងរបស់ស្ពាន ក៏ដូចជាបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីកបន្ថែមសមត្ថភាពការងារថែទាំហេដ្ឋារចនាសម្ព័ន្ធស្ពាននៅទូទាំងប្រទេស។

ស្ពានព្រែកក្តាម ជាស្ពានមួយក្នុងចំណោមស្ពានធំៗទាំង១៣នៅទូទាំងប្រទេស ដែលស្ថិតក្នុងគម្រោងអង្កេតពិនិត្យសម្រាប់ឆ្នាំ២០២៣។ ការប្រើប្រាស់រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាននេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹតជាងការចុះពិនិត្យមើលបាតស្ពានកាលពីពេលកន្លងមក ដែលអាចផ្ទុកមនុស្សចុះទៅពិនិត្យមើលដល់បាតស្ពានដោយផ្ទាល់បាន។

គួររម្លឹកដែរថា៖ ស្ពានព្រែកក្តាម មានប្រវែង ៩៨១ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រូវបានបើកការដ្ឋាននៅក្នុងខែមិថុនា ឆ្នាំ២០០៧ សាងសង់រួចរាល់នៅខែមេសា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ជាង ២៨លានដុល្លារអាមេរិក។ ស្ពានដែលមានអាយុកាលជាង១៣ឆ្នាំនេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាខែឧសភា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕