2023-09-14 04:09
146

ភ្នំពេញ៖ កម្ពុជាបានបាត់បង់សត្វផ្សោតញី ០១ក្បាលទៀត បានស្លាប់នៅទន្លេក្នុងខេត្តកំពង់ចាម ដោយសារមានវ័យចំណាស់។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ 

​​ ក្រសួងកសិកម្ម​ បានឲ្យដឹងថា កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោត ០១ក្បាល ប្រទញឃើញស្លាប់ក្នុងសាស្ត្រ ភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថា​ សត្វផ្សោតដែលស្លាប់នេះ​ ជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់ ១០៥គីឡូក្រាម និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ ២៧ឆ្នាំ។ 

 បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឲ្យដឹងថា «សពសត្វផ្សោតមានសភាពហើម ស្អុយរលូយ ធ្លាយពោះ និងរលេះរលួយស្បែក។​ ចំណែកមូលហេតុនៃការស្លាប់​ តាមរយៈការធ្វើកោសល្យវិច្ច័យ គឺបណ្តាលមកពីវ័យចាស់ជរា»។ «ចំពោះអាយុកាលនៃការរស់នៅរបស់សត្វផ្សោត គឺមានអាយុពី ២៥-៣០ឆ្នាំប៉ុណ្ណោះ» នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីជំនាញ។

 សូមបញ្ជាក់ថ នៅក្នុងរយៈពេល ០៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន ០៧ក្បាល និងស្លាប់ចំនួន ០៤ក្បាល​ ដោយក្នុងចំណោមផ្សោតដែលស្លាប់នោះ មានផ្សោតចាស់ ០១ក្បាល ផ្សោតជំទង់ ០១ក្បាល និងកូនផ្សោតចំនួន ០២ក្បាល៕