2023-09-15 10:09
196

កំពង់ឆ្នាំង៖ ទីតាំងជំរុំរបស់ក្រុមក្មេងញៀនថ្នាំ ដែលតែងតែប្រមូលផ្តុំគ្នាសេពគ្រឿងទាំងយប់ទាំងថ្ងៃ បង្កអសន្តិសុខក្នុងមូលដ្ឋាន និងភាពអនាធិបតេយ្យដល់សង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់។ 

ការចុះបង្ក្រាបជំរុំក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាសេពគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្ថិតនៅចំណុចខ្ទមខាងត្បូង ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ឆ្នាំង។ 

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍មកថា តែងតែសង្កេតឃើញមានក្មេងទំនេីងប្រមូលផ្តុំគ្នា ប្រេីប្រាស់គ្រឿងញៀនបង្កភាពអនាធិតេយ្យទាំងយប់ថ្ងៃ ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វើការដាក់កម្លាំងល្បាតឃ្លាំមេីលនៅលេីបរិវេណទីតាំងខាងលេី រហូតឃាត់មុខសញ្ញាសង្ស័យជាក្មេងទំនើងបាន ចំនួន ០៤នាក់។ 

ជនសង្ស័យទាំង ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ ភឺន វន ភេទប្រុស  អាយុ ២០ឆ្នាំ រស់នៅភូមិយាផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ  តេស្ត៍ទឹកនោមវិជ្ជមាន ដកហូតបានដាវ ចំនួន ០១ដេីម។ ទី២- ឈ្មោះ ម៉ៅ ភាព ភេទប្រុស អាយុ ២៨ឆ្នាំ។ ទី៣- ឈ្មោះ ញ៉ាញ់ ប៉ាន ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៤- ឈ្មោះ ម៉ោង ប្រុញ ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំងបីរស់នៅ ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។

ក្នុងការចុះបង្ក្រាបនោះ ដកហូតបានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ០៧កញ្ចប់តូច, កាំភ្លេីងឆ្នៃ ០១ដេីម, ទូរសព្ទដៃ ចំនូន ០២គ្រឿង រួមទាំងឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀន ០១ចំនួនទៀត ។ 

ករណីខាងលើជំនាញបានធ្វើការសាកសួរ អប់រំធ្វើកិច្ចសន្យាម្នាក់ ហើយប្រគល់ឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅអប់រំបន្ត។ ចំណែកជនសង្ស័យ ចំនួន ០៣នាក់ទៀត អនុវត្តន៍តាមនិតិវិធីច្បាប់