2023-09-15 10:09
130

ខេត្តកំពង់ឆ្នាំង៖ កាណូតបាឡាស្មាច់១គ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេកាលពីវេលាម៉ោង៩និង ១០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចស្ពានឈើ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង ខណៈដែលស្ត្រីជាម្ដាយបើកកាណូតបាឡាស្មាច់ បំណងទៅផ្ទះរបស់ខ្លួន។

យោងរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រី ម្នាក់ឈ្មោះ ផន ស្រីមុំ អាយុ៣៧ ឆ្នាំ មានទីលំនៅភូមិកំពង់អុសក្រោម ឃុំកំពង់អុស ស្រុកជលគីរី បើកកាណូតបាឡាស្មាច់ ចេញពីទំនប់បារាំង សំដៅទៅផ្ទះរបស់ខ្លួន ដោយដឹកអីវ៉ាន់ សំពីងសំពោង ព្រមទាំងមានកូនស្រីតូច ឈ្មោះ ទុយ សូលា អាយុ៤ឆ្នាំ រួមដំណើរជាមួយផង។

ប្រភពដដែលបានបន្តថា លុះពេលមកដល់ចំណុចកើតហេតុជិតស្ពានឈើ កាណូតបានជាប់ហ្គែរ ហើយក៏បានបង្កឲ្យក្រឡាប់តែម្ដង។ នៅក្នុងហេតុការណ៍នោះបានធ្លាក់លិចកូនស្រីអាយុ ៤ ឆ្នាំរយៈពេលជាង១ម៉ោងទើបរកឃើញប៉ុន្តែបានស្លាប់ទៅហើយ ។ យ៉ាងនេះក្តីដោយមិនអស់ចិត្តក្រុមគ្រួសារក្មេងស្រីរងគ្រោះបានយកនាងទៅមន្ទីរពេទ្យ តែត្រូវបានគ្រូពេទ្យប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ៕