2023-09-15 12:09
136

ត្បូងឃ្មុំ៖     ស្ត្រីជាឃាតករដ៏សាហាវឃោរឃៅម្នាក់ ធ្វើសកម្មភាពចាក់សម្លាប់ប្អូនថ្លៃស្រី និងក្មួយបង្កើត ដើម្បីប្លន់យកប្រាក់ប្រមាណ ៤០លានរៀល ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

សំណុំឃាតកម្មប្លន់សម្លាប់សាច់ញាតិខ្លួនឯងនេះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំស៊ើបអង្កេត ស្រាវជ្រាវឈានដល់បំបែកសំណុំរឿងដ៏ក្តៅគគុកនេះ ដោយមានការចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំផងដែរ។ 

របាយការណ៍ប៉ូលិសបានឱ្យដឹងថា មានករណីអំពើឃាតកម្មប្លន់សម្លាប់ម្តាយ និងកូនមួយ បានកើតឡើងនៅម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ស្ត្រីជនរងគ្រោះមានឈ្មោះ ជា ស្ថាបនា អាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជីគរ ត្រូវឃាតករចាក់បណ្តាលឱ្យរងរបួសធ្ងន់់បានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម និងកូនប្រុសឈ្មោះ ត សុភ័ក្ត្រ ភេទប្រុស របស់ជាស្ថាបនា អាយុ ០១ឆ្នាំ ០៨ខែ ត្រូវបានសម្លាប់ដាក់ក្នុងអាងទឹក។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយពេលកើតមានករណីប្លន់់សម្លាប់ម្តាយ និងកូនយ៉ាងសាហាវនេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយអធិការដ្ឋាននគរបាលស្រុក ចុះពិនិត្យកន្លែងកើតហេតុប្រមូលភស្តតាង និងតាមការប្រាប់ពីស្ត្រីរងគ្រោះដែលមិនទាន់ស្លាប់់ ក៏កំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ ជាបងថ្លៃស្រីរបស់ជនរងគ្រោះឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ។ ប្រភពបន្តទៀតថា ស្ត្រីជនសង្ស័យមានឈ្មោះ ឌិន ស្រីអូន អាយុ ៣២ឆ្នាំ រស់នៅភូមិជីគរ ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ។ 

បន្ទាប់ឃាត់ខ្លួនស្ត្រីឈ្មោះ ឌិន ស្រីអូន បានឆ្លើយសារភាពថា “មុខពេលកើតហេតុខ្លួនបានគោះទ្វារផ្ទះហៅជនរងគ្រោះត្រូវជាប្អូនថ្លៃស្រីឲ្យបើកទ្វារ ដើម្បីបន្ទោបង់ ប៉ុន្តែពេលរួចចូលដល់ក្នុងផ្ទះបានធ្វើសកម្មភាពប្លន់ចាក់សម្លាប់ស្ត្រីជនរងគ្រោះតែម្តង និងបន្ទាប់ក៏ទៅច្របាច់ករក្មួយបង្កើតអាយុជាង ០១ឆ្នាំយកទៅបោះចោលក្នុងអាងទឹកខាងក្រោយផ្ទះ”។ ស្ត្រីជាឃាតករដៃដល់បានសារភាពទៀតថា “បន្ទាប់ពីសម្លាប់ប្អូនថ្លៃ និងក្មួយរួចខ្លួនបានរុះរើកកាយពេញផ្ទះជនរងគ្រោះប្រមូលបានលុយជាង ៤០លានរៀលទៀតផង លុះឡើងថ្ងៃទី១៥ ខែកញ្ញានេះ មានការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចហើយជនសង្ស័យធ្វើជាបន្លំខ្លួនទៅមើលព្រឹត្តិការណ៍យ៉ាងរំភើយដូចគ្មានដឹងរឿងហេតុអី ប៉ុន្តែដោយឈាមស្រែកស្បែកហៅកម្លាំងឃាត់ខ្លួនតែម្តង”។

នគរបាលបានឲ្យដឹងទៀតថា ស្ត្រីជនសង្ស័យបានបញ្ជាក់ថា “សកម្មភាពនេះខ្លួនបានធ្វើផែនការជាមួយឈ្មោះ ឆៃ ឡេង អស់រយៈពេល ០៤ថ្ងៃមកហើយ មុននឹងធ្វើសកម្មភាពប្លន់នេះ”។ បន្ទាប់ពីមានការសារភាពបែបនេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការខេត្តបានឲ្យកម្លាំងឃាត់ខ្លួនឈ្មោះ ឆៃ ឡេង ដើម្បីយកមកសាកសួរ និងចាត់ការទៅតាមនិតិវិធី ។ តាមការបញ្ជាក់ពីក្រុមគ្រួសារស្ត្រីរងគ្រោះជាប្អូនថ្លៃ បានឲ្យដឹងដែរថា “កម្លងមកជនសង្ស័យត្រូវជាបងថ្លៃស្រីធ្លាប់មានការអាក់អន់ចិត្តគ្នារឿងខ្ចីលុយកាក់អត់បាន ទើបឈានដល់ករណីបែបនេះកើតឡើងនោះ”។

បច្ចុប្បន្នស្ត្រីជាជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅពេទ្យប្រទេសវៀតណាម ដើម្បីជួសសង្គ្រោអាយុជីវិត៕