2023-09-16 05:09
243


ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួនពីរនាក់ទៀតហើយ ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះធ្វើការឃាត់ខ្លួនយកមកសាកសួរ ណែនាំអប់រំ និងធ្វេីកិច្ចសន្យាឱ្យអាណាព្យាបាលយកទៅផ្ទះវិញ។ 
    មន្រ្តីជំនាញខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា ក្មេងទំនើងទាំងពីរនេះ ត្រូវបានឃាត់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២០២កែងនឹងផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
    មន្រ្តីដដែលបន្តថា ជនទាំង០២នាក់មាន៖ ១-ឈ្មោះ ប៊ុន ចាន់រ៉ាត់ ហៅ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកឥវ៉ាន់ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និង២-ឈ្មោះ ហេង រតនា ហៅ ស្វិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ  ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនេីង០២នាក់ខាងលើនេះ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។ ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៏ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់កុំឲ្យមានលើកក្រោយទៀត ។
    ចំណែកសម្ភារៈចាប់យករួចមាន៖ ម៉ូតូមាក់ Suzuki Nex ពណ៍ ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1JE-9332 ។
  បច្ចុប្បន្នជនទាំងពីរនាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ៕