2023-09-16 05:09
226


ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំក្រុមបក្សប្រឆាំងផ្កាប់មុខនៅក្រៅស្រុក ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្គាប់ឲ្យចូលខ្លួនបង់ប្រាក់ពិន័យ ចំនួន ២០លានរៀល និងបក្ខពួកដែលមានការពាក់ព័ន្ធ ចំនួន ៣៧រូបទៀតម្នាក់ៗចំនួន ១០លានរៀល។ 
   គ.ជ.ប បានបង្គាប់មកឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ឱ្យចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ឬនៅទីស្តីការ គ.ជ.ប (ការិយាល័យទទួលពាក្យបណ្ដឹង និងស៊ើបអង្កេត ជាន់ទី៩) ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតបង្គាប់នេះ។ 
   គ.ជ.ប បានបញ្ជាក់ថា «ក្នុងករណីមិនបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្តតាមកាលកំណត់នេះ គ.ជ.ប នឹងអនុវត្តនីតិវិធី ទាមទារប្រាក់ពិន័យតាមមាត្រា ១៦៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។ ចំពោះការផាកពិន័យលើលោក សម រង្ស៊ី យោងសេចក្តីសម្រេចលេខ ០០១ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ លើសំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ 
   សូមជម្រាបថា លោក សម រង្ស៊ី មេបក្សប្រឆាំង ត្រូវបាន គ.ជ.ប ធ្វើការផាកពិន័យ ចំនួន ២០លានរៀល និងថ្នាក់ដឹកនាំមេដឹកនាំបក្សប្រឆាំង ចំនួន ៣៧នាក់ទៀត ត្រូវបានផាកពិន័យម្នាក់ៗ ១០លានរៀលផងដែរ៕