2023-09-17 05:09
288

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) លើកទី៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ នៅតែបន្តពង្រឹងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន, ពង្រឹងអភិបាលកិច្ច, ពង្រីកតួនាទីរបស់វិស័យឯកជន និង ជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង សកលលោក ក្រោមក្របខ័ណ្ឌអាស៊ាន, អាស៊ានជាមួយដៃគូ និងអាសិប ដើម្បីទាក់ទាញការវិនិយោគពីបរទេសលើកកម្ពស់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់»។ 
    សម្រាប់កិច្ចប្រជុំអាសិបនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលបានរៀបចំធ្វើតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុងណាននីង ប្រទេសចិន។ 
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានសំដែងការអបអរសាទរដល់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុងណាននីង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ និងចិន-អាស៊ាន លើកទី២០ ប្រកបដោយជោគជ័យ។ 
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា «សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាស៊ិបពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថា ការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ពោល គឺក្នុងឆ្នាំ២០១២ និង ២០២២»។ 
   សម្រាប់ក្របខ័ណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និង មានគុណភាពខ្ពស់ ។ ជាមួយនឹងភាពមិនប្រាកដ ប្រជាសកលកាន់តែខ្លាំងក្លាឡើងនាពេលបច្ចុប្បន្ន តួនាទីរបស់អាសិបរឹតតែមានសារៈសំខាន់ ក្នុងការពង្រឹង ទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និង ការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និង ពិភពលោក ដោយឈរលើគោលការណ៍ «ឈ្នះ-ឈ្នះ» និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផងដែរ។ 
   ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចែករំលែកនូវទស្សនៈមួយចំនួន ព្រោះប្រទេសសមាជិកទាំងអស់មានទស្សនៈ រួមថា «សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះ អាស៊ាន និងចិនចាំបាច់ ត្រូវពង្រឹងភាពធន់ កិច្ចសហប្រតិបត្តិការ និង អន្តរកម្មសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា»៕