2023-09-18 10:09
107

ខេត្តព្រះវិហារ៖ ដោយគោរពតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដែលជា  សាសនា របស់រដ្ឋត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត គណៈអភិបាល និងក្រុមការងារដ្ឋបាលស្រុក ដែលដឹកនាំដោយ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត រួមជាមួយ រដ្ឋបាលស្រុកណាំយឺន ខេត្តឧប៊ុន និងរដ្ឋបាលស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ បានធ្វើការដង្ហែរទៀនវស្សា ទៅប្រគេនព្រះសង្ឃ ក្នុងវត្តឈើទាលគងសិក្ខារាម ដែលជាវត្តដាច់ស្រយាល នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ចុងសប្តាហ៍កន្លងទៅ ស្របតាមគម្រោងភូមិរឹងមាំជាដៃគូអភិវឌ្ឍន៍។ ពិធីនេះក៏មានការរៀបចំ ការប្រលែងកូនត្រី, ដាំកូនឈើ និងចែកសំភារៈសិក្សា,កីឡាជូនដល់សិស្សានុសិស្សបឋមសិក្សាសាលាឈើទាលគង និងអនុវិទ្យាល័យភ្នំឆ័ត្រសរុបចំនួន ៣៦៩នាក់ ។

ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព និងកិច្ចសហការយ៉ាងជិតស្និត នៃកងកម្លាំងប្រដាប់អាវុធ ប្រទេសទាំងពីរជាប់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ កម្ពុជា-ថៃ មានសន្តិភាព ក្នុងការអភិវឌ្ឍ និងអាចប្រកបមុខរបរ ដោះដូរទំនិញជាមួយគ្នាទៅវិញ ទៅមកបានល្អប្រសើរ រវាងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងស្រុកណាំយឺន ខេត្តឧប៊ុន និងស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃឡង់៕